ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ លោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង រួមដំណេីរដោយលោកវរសេនីយ៍ឯក ពេជ្រ រុី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាននាំយកសត្វស្លាបប្រភេទសត្វ ត្លុម ជាច្រេីនក្បាល ទៅលែងឱ្យមានសេរីភាព រស់នៅតាមធម្មជាតិ នៅលេីខ្នងកោះ តាមដងទន្លេ នៃទឹកដីខេត្តកំពង់ឆ្នាំង។
លោក អុិត សុធា បានមានប្រសាសន៍ឱ្យដឹងថាៈ សត្វស្លាប ប្រភេទសត្វត្លុម បាននាំយកមកលែង ឱ្យវាទៅរស់នៅ តាមធម្មជាតិវិញ នៅពេលនេះ គឺដោយសារ ក្តីអាណិតអាសូរដល់សត្វទាំងនោះ ដែលប្រទះឃេីញគេដាក់លក់ និងចង់អប់រំ ឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមជនបទ ដែលមិនបានយល់ដឹងពីច្បាប់ ស្តីពីដេីរទាក់ សត្វព្រៃលក់ ដេីម្បីដោះស្រាយជីវភាពចិញ្ចឹមជីវិតនោះ។ លោកក៍បានចំណាយថវិកា ផ្ទាល់ខ្លួន ទិញពីអ្នកលក់សត្វហេីយយកមកលែងដេីម្បីឲ្យសត្វទាំងនោះ ទៅរស់នៅ តាមធម្មជាតិវិញ។
លោកព្រះរាជអាជ្ញា បានបន្តថាៈ ការដោះលែងសត្វស្លាបទាំងនេះ ដេីម្បីចូលរួម អភិរក្សសត្វស្លាប ឲ្យបានកេីនឡេីង ក្នុងតំបន់ធម្មជាតិនៃទឹកដីខេត្តកំពង់ឆ្នាំង ដែលជាកត្តាមួយ អាចជួយទាក់ទាញភ្ញៀវទេសចរ ចូលមកដេីរលេងកម្សាន្តមេីលសត្វ ស្លាបតាមដងទន្លេ ស្របនឹងកត្តាភូមិសាស្ត្រទឹកដី តាមមាត់ទន្លេខេត្តកំពង់ឆ្នាំង អំណោយផល ដល់វិស័យទេសចរណ៍ យ៉ាងខ្លាំងដោយហេតុតែទីតាំង ដែលបានលែង សត្វស្លាបទាំងនោះ មានបឹងធម្មជាតិ តែងតែមានសត្វស្លាប ចុះនិងរស់នៅជាប្រចាំ ហើយមានការគ្រប់គ្រងល្អពីសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន មានលក្ខណៈសម្បត្តិ សមស្រប សម្រាប់ការលែងសត្វស្លាបទាំងអស់នេះ ហើយអាចនឹងបង្កើតភាពទាក់ ទាញ ខាងផ្នែកទេសចរណ៍ សម្រាប់អ្នកស្រឡាញ់សត្វស្លាប នាពេលអនាគតផងដែរ។
ជាមួយគ្នានេះ លោកព្រះរាជអាជ្ញា ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ ការដាក់អន្ទាក់សត្វព្រៃ ឬចាប់សត្វព្រៃ សត្វស្លាបគ្រប់ប្រភេទដែលច្បាប់ហាមឃាត់ និងបញ្ឈប់ការកាប់បំផ្លាញព្រៃលិចទឹក ដែលជាជម្រកសត្វគ្រប់ប្រភេទនិងជាបរិស្ថាន ធម្មជាតិ ដែលជាហេតុនាំឱ្យមានទោសទ័ណ្ឌ និងបាត់បង់ផលប្រយោជន៍ដល់សង្គម ក៍ដូចជាគ្រួសារខ្លួនឯង៕/V-PC