ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារ ៖ បុរសពីរនាក់ បានស្លាប់ ដោយសារខ្សែភ្លើងឆក់ នៅពេលពួកគេ បានចុះទៅក្នុងរណ្ដៅដី ដើម្បីស៊ីឈ្នួលជីកកកាយរុករករ៉ែមាស ឱ្យថៅកែ មិនប្រយ័ត្ន។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចតំបន់ភ្នំអន្លុង ភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។

សមត្ថកិច្ចនគរបាល ឃុំរមទម បានឱ្យដឹងថាៈ បុរសរងគ្រោះ ទាំងពីរនាក់នោះ ១.ឈ្មោះ ទាវ បុរី អាយុ ៣៧ ឆ្នាំ និងឈ្មោះ យ៉ន យឿន អាយុ ៣៥ ឆ្នាំ មានមុខរបរ ជាកម្មករ រ៉ែមាស មានទីលំនៅ នៅភូមិត្រពាំងទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

ប្រភពដដែល បានបញ្ជាក់ថាៈ ជនរងគ្រោះទាំងពីរនាក់នេះ ជាកម្មករស៊ីឈ្នួលជីក កកាយ រុករករ៉ែមាស ឱ្យថៅកែឈ្មោះ ធា និងថៅកែឈ្មោះ ឆយ ដែលប្រកបអាជីវកម្ម រ៉ែមាស ខុសច្បាប់។

ក្នុងករណីឆក់ស្លាប់នោះដែរ សមត្ថកិច្ចជំនាញ បានធ្វើកោសល្យ ទៅលើសព ហើយ បានអះអាងថា បុរសទាំងពីរនាក់នវ ពិតជាបានស្លាប់ ដោយសារឆក់ចរន្តភ្លើង ពិតមែន និងប្រគល់ឱ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី និងរកអ្នកទទួលខុសត្រូវ ធ្វើតាមនិតិវិធីច្បាប់ ៕ V / N