ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថាៈ ការប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង៖ ០៥ ធ្នូ ២០២២ នឹងប្រកាសនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ-កណ្ដាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់បណ្ដាខេត្ត ផ្សេងទៀត។

គួរបញ្ជាក់ថា បើតាមការគ្រោងទុក ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ឬហៅថាបាកឌុប ក្រសួងបានកំណត់ យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗ នៅទូទាំងប្រទេស។

ទោះបីយ៉ាងណា បើតាមប្រភពពីក្រសួងអប់រំ បានឱ្យដឹងថាៈ ដោយសារការបញ្ចប់កំណែ និងការបូកសរុបពិន្ទុ បញ្ចប់មុនកំណត់ ហេតុនេះក្រសួង បានសម្រេចយកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ-កណ្ដាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់បណ្ដាខេត្តផ្សេងទៀត និងផ្សព្វផ្សាយ តាមបណ្ដាញទំនាក់ទំនងសង្គម ផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh។

សូមរំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨.១៣៤ នាក់ ស្រី ៦៨.៧៧១ នាក់ មណ្ឌលប្រឡងសរុប ២២១ មណ្ឌល ត្រូវជា ៥.១៧៤ បន្ទប់៕/V-PC