ដោយៈ សុផល / ភ្នំពេញ៖ រយៈពេល ១១ខែ ចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុបចំនួន ១.៩១៤.០៥៥ នាក់ កើនឡើងជាង ១ពាន់ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។
នៅកិច្ចប្រជុំត្រួតពិនិត្យលើការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ ទូទាំងប្រទេស (គ.អ.ច.ទ.) ដែលធ្វើឡើងនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថាៈ ចំនួនភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជា មានការកើនជាលំដាប់ ពីមួយខែ ទៅមួយខែ ដែលឆ្លុះបញ្ចាំងឱ្យឃើញពី ភាពជឿទុកចិត្ត ក្នុងចំណោមភ្ញៀវទេសចរ សន្តិសុខ សុវត្ថិភាព និងភាពទាក់ទាញក្នុងវិស័យទេសចរណ៍ និងយកចិត្តទុកដាក់ដឹកនាំ គិតគូរត្រឹមត្រូវរបស់ ក្រសួងទេសចរណ៍ និងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់។
លោកបានថ្លែងថា៖ ក្នុងរយៈពេល ១១ខែ ដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជាមានចំនួន ១.៩១៤.០៥៥ នាក់ ដែលមានកំណើនរហូតដល់ ១.០៧១,៦% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដែលនេះគឺជាការកើនឡើង គួរឱ្យកត់សម្គាល់មួយ។ ក្នុងនោះ តាមផ្លូវអាកាស មានចំនួន ៦៧៣.៦៦៩ នាក់ ស្មើនឹង ៣៥,២% តាមផ្លូវគោក មានចំនួន ១.២២៦.១១៥ នាក់ ស្មើនឹង ៦៤,១% និងតាមផ្លូវទឹក មានចំនួន ១៤.២៧១ នាក់ ស្មើនឹង ០,៧% ។
ភ្ញៀវទេសចរនៃបណ្តាប្រទេសជិតខាង នៅតែមានចំនួនច្រើន នាំមុខគេដដែល ក្នុងនោះ ភ្ញៀវទេសចរជនជាតិថៃ បាននាំមុខគេ ដែលមានចំនួន ៧២០.២០៣ នាក់ ភ្ញៀវទេសចរ ជនជាតិវៀតណាម ស្ថិតនៅក្នុងលំដាប់ទី២ ដែលមានចំនួន ៤០១.១៩៣ នាក់ ដោយឡែក ភ្ញៀវទេសចរជនជាតិចិន ស្ថិតនៅក្នុងលំដាប់ទី៣ ដែលមានចំនួន៩០.៦៤៨ នាក់។ ក្រៅពីនេះ មានភ្ញៀវទេសចរជនជាតិអាមេរិក ឡាវ ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង បារាំង ម៉ាឡេស៊ី អង់គ្លេស ជាដើម៕ V / N