ដោយៈ​ បញ្ញាសាស្រ្ត / ភ្នំពេញៈទស្សនិកជនប្រហែលជាបានដឹង និងបានស្ដាប់ រួចមកហើយនូវសូរសំនៀងដ៏ស្រទន់ ពិរោះរណ្ដំ ពីសំណាក់យុវតីម្នាក់ តាមរយៈបទ” កុំចង់ត្រូវគ្នា” ដែលជាការបកស្រាយ របស់យុវតីសម្លេងផ្អែម និងមានរូបឆោម ស្រស់សោភាម្នាក់ មិនត្រឹមតែប៉ុណ្ណោះ ចម្រៀងមួយបទនេះ ពិតជាមានអត្ថន័យ ចាក់ដោតយ៉ាងខ្លាំង ដល់ស្រទាប់បេះដូងយុវវ័យ ក៏ដូចជា អ្នកស្នេហាវិស័យសិល្បៈ ចម្រៀងផងដែរ ។

ក្រៅពីសូរសំនៀងដ៏ក្រអួនក្រអៅ នៃទេពកោសល្យពីធម្មជាតិ អេមី បានឆ្លងកាត់នូវ ការដុះខាត់​បន្ថែមពីឪពុក ដែលលោកគឺជាសិល្បៈករ ដ៏ល្បីល្បាញមួយរូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា នោះគឺ តារាចម្រៀងលោក ខាន់ ជេមស៍ ដែលបងប្អូន ប្រជាជាតិខ្មែរ បានស្គាល់លោកច្បាស់ តាមរយៈបទ សម្រែកបេះដូង របាំចងស្នេហ៍ បុប្ផាក្រពុំ និងបទ បើមិនស្រលាញ់អាណិតធ្វើអ្វី ជាដើម។

ពុកម៉ែ បងប្អូន ប្រាកដជាបានដឹង រួចមកហើយថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កន្លងមកនេះ តារាចម្រៀង លោក ខាន់ ជេមស៍ បានប្រកាសបើកផលិតកម្មផ្ទាល់ខ្លួន ដែលមានឈ្មោះថា Khan James Production ដែលមានការចូលរួមពី សំណាក់តារាចម្រៀងបួនដួងទៀត នោះគឺកូនៗទាំងបួននាក់ របស់លោកផ្ទាល់តែម្ដង ។
តាមរយៈការសម្ភាសន៍ផ្ទាល់ ជាមួយលោក ខាន់ ជេមស៍ បានបង្ហើបឱ្យដឹងថាៈ កូនៗ ប្រុសស្រី ទាំងបួននាក់របស់លោក សុទ្ធសឹងតែមានទេពកោសល្យផ្នែកសិល្បៈ មិនចាញ់ លោកប៉ុន្មានទេ ដែលលោកបានរំពឹងក្នុងចិត្តថា ថ្ងៃអនាគតកូនៗទាំងបួនដួងរបស់ លោក អាចនឹងស្នងតំណែងសិល្បៈបន្តពីរូបលោកបាន ។

លោកបានបន្តទៀតថាៈ កូនស្រីច្បងរបស់លោក អេមី មិនត្រឹមតែមានសម្លេងពិរោះ ប៉ុណ្ណោះទេ តែក៏មានទេពកោសល្យ ជាច្រើនទៀត នៅលើវិស័យសិល្បៈនេះផងដែរ ចំណែកកូនទីពីរ របស់លោក មានឈ្មោះថា ដូរ៉ា ក៏មានទេពកោសល្យផ្នែកចម្រៀង មិនចាញ់គ្នាប៉ុន្មានទេ ព្រមទាំងមានដុងខាងផ្នែកចង្វាក់រាំ ថែមទៀតផង ។ ចំណែក កូនទីបីរបស់លោក ទស្សនិកជនប្រហែលជាបានស្គាល់ រួចមកហើយ តាមរយៈការ បង្ហាញបទចម្រៀងស្ទាយបែបរ៉េប Hip Hop មានដូចជាបទ ” Boy ឡូយ, Gateកូនប៉ា, Hard Way, និង Young Rapper ជាដើម” ។ គ្រាប់ពេជ្រ ចុងក្រោយរបស់លោក ដែលជាកូនពៅគេបង្អស់ ក្នុងគ្រួសារ មានឈ្មោះថា មករា សាវីណា នាងមានទេពកោសល្យផ្នែកច្រៀង និងរាំ ហើយមានចំណូលចិត្ត​ដើរលើវិថី ដូច K-pop ដូច្នោះដែរ ។

ក្រោមដំបូលផលិតកម្មផ្ទាល់ខ្លួន ដែលមានកូនៗ ដែលពោរពេញទៅដោយសមត្ថភាព លោក ខាន់ ជេមស៍ បានប្ដេជ្ញាយ៉ាងមុតមាំថា លោកនឹងខំប្រឹងបន្តផលិតនូវបទចម្រៀង ថ្មីៗ Original ស្នាដៃកូនខ្មែរ ជាច្រើនទៀត ដើម្បីចែកជូនដល់ទស្សនិកជន ដែលអ្នកគាំទ្ររូបលោក និងកូនៗ បានស្ដាប់កម្សាន្ត។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏មាន ចក្ខុវិស័យផងដែរ ក្នុងការនាំយករសជាតិសិល្បៈចម្រៀងរបស់កម្ពុជា ឆ្ពោះទៅកាន់ ឆាកអន្តរជាតិ និងពាំនាំយកមោទនភាពដ៏អស្ចារ្យ សម្រាប់ប្រជាជាតិផងដែរ។​

គួររំលឹកដែរថា បទចម្រៀងដំបូងបង្អស់ របស់កូនស្រីច្បង លោក ខាន់ ជេមស៍ ដែលកំពុងផ្ទុះការចាប់អារម្មណ៍ ពីសំណាក់ប្រិយមិត្តអ្នកស្ដាប់នេះ បានចូលរួម ក្នុងការផលិត​ពីសំណាក់អ្នកនិពន្ធ ដែលមានស្នាដៃពូកែៗ ក្នុងព្រះរាជាណាចក្រកម្ពុជា យើង ហើយចំពោះបទក្រោយៗបន្តទៀត ក៏នឹងឆ្លងកាត់ការតាក់តែងរៀបចំ យ៉ាងយកចិត្តទុកដាក់ មិនឱ្យប្រិយមិត្តអ្នកស្ដាប់ ខកបំណងឡើយ ។

ជាចុងក្រោយ លោកបានផ្ដាំផ្ញើបន្ថែមទៀតថា ” សិល្បៈក៏ជាសរសៃឈាមមួយរបស់ ជាតិផងដែរ ដូច្នេះក្នុងនាមជាកូនខ្មែរ ត្រូវតែចូលរួមការពារថែរក្សា គាំទ្រ ប្រឹងប្រែង ហាត់ពត់ និងបង្ដើតគំនិតច្នៃប្រឌិដ្ឋថ្មីៗ ដើម្បីជួយលើកតម្លៃសិល្បៈជាតិ ឱ្យមានភាពរីក​ចម្រើនទៅមុខ លើឆាកជាតិ និងឆាកអន្តរជាតិ” ៕ V/ N