ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចចម្រុះ រួមមាន មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីជលផល ដឹកនាំដោយលោក តាត សីហៈ បានចេុះពិនិត្យស្រាវជ្រាវ និងបង្ក្រាប បទល្មើសនេសាទ តាមគោលដៅ ដែលបានគ្រោងទុក ដោយបានចាប់បានកាណូត និងជនល្មើស ចំនួន ១៣ នាក់ ប្រគល់ជូនសមត្ថកិច្ចជលផល ចាត់ការតាមនីតិវិធី ។
មន្ត្រីម្នាក់ក្នុងចំណោមសមត្ថកិច្ចចម្រុះ ដែលចុះប្រតិបត្តិការនោះ បានឲ្យដឹងថាៈ នៅវេលាម៉ោង ៩ និង ៤៥ នាទី ព្រឹកថ្ងៃទី២១ ខែធ្នូ នេះ នៅចំណុចទន្លេ ក្នុងភូមិដូនវៀត ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជលគិរី សមត្ថកិច្ចចម្រុះ បានប្រទះឃើញកាណូតអូសនាម សម័យតកន្ទុយ ខុសច្បាប់ ចំនួន ៣គ្រឿង មានមនុស្សចំនួន ១៣ នាក់ កំពុងធ្វើ សកម្មភាព អូសនាមសម័យ។ ខណៈនោះ សមត្ថកិច្ចចម្រុះ បានចាប់ឃាត់ អូសយក មករក្សាទុក នៅសង្កាត់នេសាទកំពង់ ឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីសុំគោលការណ៍ ថ្នាក់លើ ចាត់ការតាមផ្លូវច្បាប់។
លោក តាត សីហៈ មន្ត្រីផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ថាៈ កាណូតអូស នាមសម័យ ខាងលើនេះ ២ គ្រឿង មានទីលំនៅស្រុកពញាឮ ខេត្តកណ្ដាល ដោយពួកគេ បានប្រាប់ក្រុមសមត្ថកិច្ចចម្រុះថា ពួកគេមានគ្នាសរុបចំនួន ៧ គ្រឿង ដោយឡែក ថ្ងៃនេះ មកនេសាទតែ ៣ គ្រឿងនេះទេ ដែលមានមេការ ឈ្មោះ ដេប ជាអ្នករត់ការ ។ ដោយឡែក កាណូត ១ គ្រឿងទៀត ជារបស់ខ្មែរឥស្លាម ទីលំនៅស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង តាមដឹង ពួកគេមានទូកចំនួន ៤ គ្រឿង តែចេញមក នេសាទ ថ្ងៃនេះ តែមួយគ្រឿងប៉ុណ្ណោះ។
សូមបញ្ជាក់ថា ទូកអុសនាមសម័យទាំងអស់ខាងលើនេះ តែងតែធ្វើសកម្មភាព ជារៀងរាល់ឆ្នាំ ចាប់ពីក្បាលកោះលង្វែក រហូតមកដល់ចំណុច ដែលត្រូវសមត្ថកិច្ច បង្ក្រាបនេះ ខណ:សមត្ថកិច្ចជំនាញ ក្នុងតំបន់នេះ មិនអើពើធ្វើការបង្ក្រាបសោះ ។
កាណូតអូសនាមសម័យ ទាំង ៣ គ្រឿង និងអ្នកនេសាទ ចំនួន ១៣ នាក់ ខាងលើនេះ ត្រូវបានសមត្ថកិច្ចជលផល អូសយកមករក្សាទុក នៅសង្កាត់នេសាទកំពង់ឆ្នាំង ដើម្បីក សាងសំណុំរឿង ឆ្លងយោបល់ថ្នាក់ លើចាត់ការ តាមនីតិវិធី ៕/V.mara