ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកម៉ោង ៥និង៣០នាទី ព្រឹក ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ នេះ ជនសង្ស័យម្នាក់ បានជិះម៉ូតូមកហាងកាហ្វេ ដៃកាន់កាំបិតផ្គាក់ បានរករឿងជេរប្រមាថ លើអ្នកផឹកកាហ្វេ ហើយបានប្រើអំពើហិង្សា ដោយបានកាប់ ទៅលើបុរសម្នាក់ ចំកដៃ បណ្តាលឱ្យ របួសធ្ងន់ និងបានដេញកាប់មន្ត្រីប៉ូលិសម្នាក់ ឱ្យរត់ចូលដល់ក្នុងផ្ទះទៀតផង។
ជនសង្ស័យដែលបានជេរប្រមាថប្រជាពលរដ្ឋ ដែលមកផឹកកាហ្វេ នៅពេលទៀបភ្លឺ និងបង្កការភ្ញាក់ផ្អើល ខាងលើនេះ មានឈ្មោះ ឈិន បូរ៉ា ហៅ ស្រស់ ភេទប្រុស អាយុ ៣៩ ឆ្នាំ មានមុខរបរ រត់ម៉ូតូឌុប មានទីលំនៅស្ថិតនៅក្នុងភូមិផ្សាឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង។
ដោយឡែក ជនរងគ្រោះក្នុងអំពើហិង្សានេះ មានឈ្មោះ ងិន ជួរ ភេទប្រុស អាយុ ៧៨ ឆ្នាំ មានទីលំនៅ ក្នុងភូមិផ្សាលើ សង្កាត់ផ្សាឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំងង។
សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថាៈ នៅមុនពេលកើតហេតុ ជនសង្ស័យ បានជិះម៉ូតូ ដោយនៅដៃ មានកាន់កាំបិតផ្គាក់ ស្រែកជេរ នៅខាងមុខហាងកាហ្វេ និងបានដើរទៅកាប់ជនរងគ្រោះ ខាងលើ បណ្តាលឱ្យរងរបួសធ្ងន់ បាក់ដៃ និងបានដើរ ចូលមកក្នុងហាងកាហ្វេ ដេញកាប់មន្ត្រីនគបាល រត់ចូលទៅក្នុងហាង គេចខ្លួនបាត់។
សាក្សីខាងលើ បានឱ្យដឹងទៀតថាៈ ជនសង្ស័យ ជាមនុស្សមានសតិមិនប្រក្រតី និងជាជនញៀនថ្នាំ ហើយបែកថ្នាំទៀតផង។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋ និងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ដែលបង្ក អំពើហិង្សា នៅនឹងកន្លែង ហើយបញ្ជូនមកអធិការដ្ឋាន ក្រុងកំពង់ឆ្នាំង និងបានបញ្ជូនបន្ត ទៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធី ។ ដោយឡែក ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យឯកជន មួយកន្លែង ក្នុងខេត្តកំពង់ឆ្នាំង ៕/V.mara