​ដោយៈ គង់​ហេង / កំពង់ចាម​៖ ផ្លូវ​បេតុង​ចម្ងាយ​ប្រវែង​ជាង ១៤ គីឡូម៉ែត្រ ជាប់មាត់ ទន្លេតូច ស្ថិត​ក្នុងស្រុក​កោះសូទិន ដែល​រង​ការខូចខាត ចំនួន​បី​កន្លែង ដោយ​ទឹកជំនន់ ទន្លេមេគង្គ កន្លងមក គឺ​នឹង​ចាប់ផ្តើម​ជួសជុល​ឡើងវិញ នៅក្នុង​រង្វង់​ខែមេសា ឆ្នាំ​២០២៣ ។ នេះ​បើ​យោងតាម​លទ្ធផល​ចុះ​ត្រួតពិនិត្យ​ផ្លូវ​ខូច ដឹកនាំ​ដោយ​លោក អ៊ុន ចាន់​ដា ជា​អភិបាល​ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​២១ ធ្នូ នេះ​។
​លោក​អភិបាលខេត្ត​កំពង់ចាម អមដំណើរ​ដោយ​លោក យិន វណ្ណៈ ជា​អភិបាលស្រុក កោះសូទិន និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប បាន​លើកដៃ​សំពះ​តប​ទៅកាន់​ប្រជាពលរដ្ឋ ជាច្រើន​នាក់ ដែល​បាន​មកឈរ​ទទួល​ស្វាគមន៍ យ៉ាង​ត្រៀបត្រា នៅ​ចំ​ទីតាំង​ផ្លូវ​បេតុង​ខូច ចម្ងាយ​ប្រមាណ​ជាង ១០០ ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រែក​ចង្ក្រាន ឃុំ​ល្វេ ស្រុក​កោះសូទិន​ថាៈ សូម​បងប្អូន រង់ចាំ​បន្តិច ខាង​ក្រុមហ៊ុន​សាងសង់​ផ្លូវ នឹង​រៀបចំ​ជួសជុល​ផ្លូវ​ដែល​រង​ការ​ខូច ខាត បានល្អ​ឡើងវិញ នៅ​ខែ​បួន (​ខែមេសា​) ឆ្នាំក្រោយ ឆាប់ៗ​នេះហើយ​។​

​ជាមួយ​នោះ លោក យិន វណ្ណៈ អភិបាលស្រុក​កោះសូទិន បាន​រំលឹក​ឱ្យដឹងថាៈ ផ្លូវ​បេតុង មួយ​ខ្សែ​នេះ មាន​ចម្ងាយ​សរុប​ជាង ១៤ គីឡូម៉ែត្រ ឆ្លងកាត់​ឃុំ​ពាម​ប្រ​ធ្នួ​ស និង​ឃុំ​ល្វេ ជា​ជំនួយ​របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្ត​គម្រោង​សាងសង់ ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​បាន​សាងសង់​រួចរាល់​ស្ថាពរ ក្នុង​កំឡុង​ខែមិថុនា ឆ្នាំ​២០២២ កន្លងទៅនេះ​។​

​លោក​អភិបាលស្រុក​កោះសូទិន បាន​បន្តថាៈ ប្រមាណ បួន​ខែក្រោយ ពី​ការស្ថាបនា ពោលគឺ ក្នុង​ចន្លោះ​ខែតុលា ឆ្នាំនេះ ទឹកជំនន់​ទន្លេមេគង្គ និង​ជំនន់​ទឹកភ្លៀង បាន​បង្ក​ឱ្យ បាក់ស្រុត​ច្រាំង​ទន្លេតូច បណ្តាលឱ្យ​ប៉ះពាល់​ដល់​ផ្លូវ​បេតុង ជាប់មាត់​ច្រាំងទន្លេ​នេះ បាក់ស្រុត​ចំនួន បី​កន្លែង គឺ​ក្នុង​ឃុំ​ល្វេ​ចំនួន ពីរ កន្លែង និង​ឃុំ​ពាម​ប្រ​ធ្នួ​ស​ចំនួន មួយ កន្លែង ប៉ុន្តែ​មិន​អនុញ្ញាតឱ្យ​រថយន្ត​ធុន​ធំ ឆ្លងកាត់​បានទេ​៕/V​.mara