ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំសាលា ស្រុករវៀង ស្ថិតក្នុងឃុំរបៀប បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់ឃុំ សង្កាត់ នៅថ្នាក់ស្រុក ក្រោមអធិបតីភាពលោក អ៊ុក គឹមសាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ និងដោយមានការអញ្ជើញចូលរួម ពីសំណាក់ អង្គការដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ។
លោក សេង ប៊ុនរឿន ប្រធានមន្ទីរផែនការខេត្តព្រះវិហារ បានឲ្យដឹងថាៈ គោលបំណង នៃការរៀបចំសិក្ខាសាលា នាពេលនេះ គឺដើម្បីឱ្យគម្រោងសកម្មភាពអភិវឌ្ឍន៍ ដែលស្នើ ឡើងដោយ ក្រុមប្រឹក្សាឃុំ ទាំង១២ ក្នុងស្រុករវៀង ដោយផ្តោតទៅលើគោល នយោបាយយុទ្ធសាស្រចតុកោណរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់ខេត្ត ព្រមទាំងសកម្មភាពនានារបស់បណ្តាមន្ទីរវិស័យ អង្គភាពជំនាញ និងអង្គការជាដៃគូ ដើម្បីប្រមូលផ្តុំនូវធនធាន សម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍នៅមូលដ្ឋាន ។
លោក អ៊ុក គឹមសាន បានមានប្រសាសន៍ឲ្យដឹងថាៈ សិក្ខាសាលាសមាហរណកម្ម កម្ម វិធីវិនិយោគ បីឆ្នាំរំកិលរបស់រដ្ឋបាលស្រុករវៀង មានសារៈសំខាន់បំផុត គឺដើម្បីបំរើដល់ បងប្អូនប្រជាពលរដ្ឋ អំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងស្រុក ហើយគម្រោងដែល បានលើកឡើង គឺសុទ្ធសឹងតែគម្រោងអាទិភាព ដែលមានការចូលរួមពីប្រជាពលរដ្ឋ។
លោក បានបន្ថែមថាៈ ការធ្វើកម្មវិធីវិនិយោគ គឺឈរលើមូលដ្ឋានច្បាស់លាស់ ផ្អែកទៅលើសុក្រិតភាព តម្លាភាព ត្រឹមត្រូវ នៅទូទាំងឃុំទាំង១២ ក្នុងស្រុករវៀង ។
លោកក៏បានអំពាវនាវ ដល់អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និង បណ្តាមន្ទីរ អង្គភាព សូមបន្តគាំទ្រ និងជ្រើសរើសយកគម្រោងជាអាទិភាព ដាក់បញ្ចូល ក្នុងផែនការគាំទ្ររបស់ខ្លួន សម្រាប់ឆ្នាំ២០២៣ បន្តទៀត ដើម្បីជាការចូលរួមចំណែក អភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន សំដៅជួយកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ ជាយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ។
តាមរបាយការណ៍របស់លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានបញ្ជាក់ថាៈ ការ អនុវត្តលើគម្រោងចុះកិច្ចព្រមព្រាងបណ្តោះអាសន្ន ក្នុងឆ្នាំ២០២២ មានចំនួនសរុប ២០៣ គម្រោង ក្នុងនោះគម្រោងអនុវត្តបានចំនួន ៨៣ គម្រោង គម្រោងកំពុងអនុវត្ត មានចំនួន ៦៦ គម្រោង គម្រោងមិនទាន់បានអនុវត្ត មានចំនួន ១៦ គម្រោង និង គម្រោងអនុវត្តបាន ដោយពុំមានចុះកិច្ចព្រមព្រៀង បណ្តោះអាសន្ន ក្រោយពេល សិក្ខាសាលាសមាហរណកម្ម ផែនការនៅថ្នាក់ស្រុក មានចំនួន ៣៨ គម្រោង ។
គម្រោងអាទិភាពឃុំ ដែលបានស្នើឡើង មានចំនួន ៤៨៦ គម្រោង ក្នុងនោះ គម្រោង ដែលបានគាំទ្រ ចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន លើគម្រោងអាទិភាពសំណើរបស់ឃុំ ក្នុងឆ្នាំ២០២២ សម្រាប់អនុវត្តឆ្នាំ២០២៣ នាពេលសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល មានចំនួន ៤៤៣ គម្រោង ៕/V.mara