​ដោយៈ​សុផល​/​ភ្នំពេញ​៖ ផ្លូវ​ខេត្ត​លេខ​១៤៦B និង​ផ្លូវ​ខេត្ត​លេខ​១៤៨ ដែល​ត​ភ្ជាប់​ពី​ស្រុក​ព្រៃនប់ ឆ្លងកាត់​ស្រុក​ស្ទឹងហាវ និង​បន្ត​រហូតដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នឹង​សម្ពោធ បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នា​ថ្ងៃស្អែក​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គម្រោង​ត​ភ្ជាប់​ផ្លូវ​ទាំងពីរ​ខ្សែ​នេះ​មាន​ប្រវែង​សរុប​ប្រមាណ ៤៣,០២​គីឡូម៉ែត្រ ដែល​ក្នុងនោះ ផ្លូវ​លេខ​១៤៦B ឬ​វិថី​សុវត្ថិភាព​សម្តេចព្រះសង្ឃរាជ ទេព វង្ស មាន​ប្រវែង ប្រមាណ ២០,៦៧​គីឡូម៉ែត្រ គិត​ចាប់ពី​ចំណុច​បំបែក​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ ១៧៨+១៦៥ ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ រហូតដល់​ភូមិ​១ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ដែល​ត្រូវបាន​ស្ថាបនា​ដោយ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៩​សង់ទីម៉ែត្រ និង​មាន​ទទឹង​តួ​ផ្លូវ ១១​ម៉ែត្រ​។ ចំណែកឯ ផ្លូវ​ខេត្ត​លេខ​១៤៨ ឬ​តីរវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រវែង​ប្រមាណ ២២,៣៤​គីឡូម៉ែត្រ បន្ត​ពី​ស្រុក​ស្ទឹងហាវ រហូតដល់​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ ២២៥+៥៥០ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​ត្រូវបាន​ស្ថាបនា​ដោយ​ក្រាល​បេតុង​ស​សៃ​ដែក កម្រាស់ ២៦​សង់ទីម៉ែត្រ និង​មាន​ទទឹង​តួ​ផ្លូវ ១១​ម៉ែត្រ​។

​ក្នុង​គម្រោង​ត​ភ្ជាប់​ផ្លូវ​ទាំងពីរ​ខ្សែ​នេះ​ក៏មាន​សាងសង់​សំណង់​សិល្ប​ការ្យ​ផ្សេងៗ​ដូចជា សាងសង់​ស្ពាន​ថ្មី​ចំនួន ០១​កន្លែង និង​ពង្រីក​ស្ពាន​ចាស់​ចំនួន ១៧​កន្លែង ព្រមទាំង​ដាក់លូ​គ្រប់​ប្រភេទ​ចំនួន ១៦១​កន្លែង​ផងដែរ​។

​តាមរយៈ​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល ផ្លូវ​ខេត្ត​ទាំងពីរ​ខ្សែ​នេះ នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការជំរុញ​កំណើន​សកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍​ក៏ដូចជា លើក កម្ពស់​ការតភ្ជាប់​ខេត្ត​ភាគ​និរតី​នេះ ឱ្យ​កាន់​តែមាន​ភាព​ប្រទាក់ក្រឡា​គ្នា និង​កាន់តែ​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ឆ្ពោះទៅ​តំបន់ឧស្សាហកម្ម រោងចក្រ តំបន់​សេដ្ឋកិច្ច​ពិសេស កំពង់ផែ​ស្ទឹងហាវ និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ផងដែរ​។

​សូមជម្រាបថា​៖ គម្រោង​ស្ថាបនា​ផ្លូវ​ខេត្ត​លេខ​១៤៦B និង​ផ្លូវ​ខេត្ត​លេខ​១៤៨ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០២០ និង​បញ្ចប់​ជា​ស្ថាពរ​នៅ​អំឡុង​ខែសីហា ឆ្នាំ​២០២២ ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ២៨​ខែ សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន (CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមការងារ​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយបាន​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជាង ៧៦​លាន​ដុល្លារ​អាមេរិក ជា​ប្រភព​ថវិកា​សន្សំ​របស់​រាជ​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​.mara