ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» បានត្រូវប្រារព្ធធ្វើឡើង នៅសួនមានជ័យ កណ្តាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរ សុខាភិបាលខេត្ត បានលើកឡើងថាៈ យោងតាមរបាយការណ៍ របស់អង្គការ UNAIDS នៅឆ្នាំ២០១២ បានបង្ហាញថា នៅលើសកលលោកទាំងមូល មានអ្នកផ្ទុកមេរោគអេដស៍ ប្រមាណ ៣៤ លាននាក់ ក្នុងនោះ មនុស្សឆ្លងថ្មី មានប្រមាណ ២ លាននាក់ ក្នុងមួយឆ្នាំៗ និងមនុស្សប្រមាណ ១,៧ លាននាក់ ក្នុងមួយឆ្នាំ បានបាត់បង់ជីវិត ដោយសារ ជំងឺអេដស៍នេះ ។

សម្រាប់ព្រះរាជាណាចក្រកម្ពុជា ឆ្លងតាមការសង្កេត អត្រាប្រេវ៉ាឡង់ របស់ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានបង្ហាញឲ្យឃើញថា នៅប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩៨ មានប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ នៅលើមនុស្សពេញ អាយុពី ១៥ ទៅ ៤៩ ឆ្នាំ មានចំនួន ១,៧% ហើយមានការថយ ចុះមកត្រឹម ០,៧% នៅឆ្នាំ២០១៣ និងបានបន្តចុះមកនៅត្រឹម ០,៦% នៅឆ្នាំ២០១៤ មកដល់ឆ្នាំ២០២២ នេះ ។

ដោយឡែក ខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ២០២២ មានការប៉ាន់ប្រមាណអ្នកផ្ទុកមេរោគ អេដស៍ និងអ្នកជំងឺអេដស៍ ប្រមាណ ៤.៦៩២ នាក់ ។

លោកបានបន្តថាៈ ការថយចុះនៃអត្រាប្រេវ៉ាឡង់ ជំងឺអេដស៍នេះ បានបង្ហាញឲ្យឃើញ ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ជាពហុវិស័យ ក្នុងការចូលរួមទប់ស្កាត់ នូវការរីករាល ដាលនេះ ហើយសម្រាប់ខេត្តបន្ទាយមានជ័យ កន្លងមក ដោយមានកិច្ចសហការគ្នា យ៉ាងសកម្ម រវាងស្ថាប័នរដ្ឋ អង្គការជាតិ និងអន្តរជាតិ ស្ថាប័នឯកជននានា យើងមានយុទ្ធសាស្ត្រធំៗ ៣ សំខាន់គឺ: ១-វិធានការការពារ ២-ការព្យាបាលថែទាំបន្ត ដល់អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ និង៣-ការគ្រប់គ្រងផ្នែកសម្របសម្រួល។ ប៉ុន្តែគ្រប់គ្នាមិនត្រូវធ្វេសប្រហែសឡើយនឹងស្ថានភាពថយចុះ និងសភាពស្ងាត់ស្ងៀម នៃមេរោគអេសដស៍ / ជំអឺអេសដ៍នេះ ។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអានសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១ ធ្នូ និង អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមប្ដេជ្ញាចិត្តដ៏មោះមុតជាមួយអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឆ្ពោះទៅលុបបំបាត់ ការឆ្លងរីករាលដាលមេរោគអេដស៍ ឲ្យជោគជ័យ នៅឆ្នាំ២០២៥ ខាងមុខនេះ ។

លោកក៏ព្រមានដោយប្រៀបធៀប ដូចទឹកស្ងប់ថា វាអត់រលកនោះទេ។ ពោលគឺអេដស៍ ក៏នៅនៅតែក្បែរយើង ឬស្ថានភាពធូរស្រាល ឬសឹងតែលែងមាន ក៏មិនមែនមានន័យថា មេរោគ/ជម្ងឺនេះលែងមាននោះដែរ ។ ហេតុនេះ ត្រូវតែប្រុងប្រយ័ត្នគ្រប់ពេល ៕/V/R