ប្រែសម្រួលៈបំណង(Cgtn,Xinhua)៖ចំនួនអ្នកឆ្លងកូវីដ១៩សរុបនៅពេលជិតបីឆ្នាំមកនេះនៅសហរដ្ឋអាម៉េរិកបានឡើងហួស១០០លាននាក់កាលពីថ្ងៃអង្គារទី២០ធ្នូ នេះបើតាមទិន្នន័យមកពីសកលវិទ្យាល័យចនស៍ ហប់ឃីនស៍(Johns Hopkins)។
ទិន្នន័យបានបង្ហាញថា ករណីឆ្លងកូវីដ១៩នៅអាម៉េរិក បានកើនដល់១០០.០០២.២៤៨នាក់ ចាប់តាំងពីជំងឺឆ្លងនេះបានផ្ទុះឡើងដំបូងកាលពីជិតបីឆ្នាំមុន ក្នុងនេះ ១.០៨៨.២១៨នាក់បានស្លាប់។
បើនិយាយអំពីការឆ្លងតាមរដ្ឋ កាលីហ្វ័រញ៉ា ឆ្លងច្រើនជាងគេ គឺជាង១១,៦លាននាក់ បន្ទាប់មករដ្ឋតិចសាស់ និងផ្លរីដា ដែលឆ្លង៨,១លាននិង៧,៣លាននាក់រៀងៗខ្លួន។
វីរុសអូមីក្រុងបំប្លែងខ្លួនBQ.1 និង BQ.1.1 តំណាងអោយ៧០ភាគរយនៃការឆ្លងថ្មីៗនៅអាម៉េរិកនាសប្តាហ៍នេះ នេះបើតាមការវាយតំលៃរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាម៉េរិក(CDC)។
តាមពិតអាម៉េរិកនៅតែជាប្រទេសរងគ្រោះអាក្រក់បំផុតជាងគេពីការផ្ទុះជំងឺកូវីដ១៩ ទាំងចំនួនឆ្លងនិងស្លាប់គឺច្រើនជាគេ។
វេជ្ជបណ្ឌិត អាស៊ីស ចា(Ashish Jha)អ្នកសម្របសម្រួលការឆ្លើយតបនឹងជំងឺឆ្លងរបស់សេតវិមាន បានប្រាប់អ្នកយកព័ត៌មានកាលពីសប្តាហ៍មុនថា «យើងបានឃើញការឆ្លងកើនឡើង ការចូលដេកពេទ្យកើនឡើង និងការស្លាប់ក៏ចាប់ផ្តើមកើនឡើង»។
កំណើនការឆ្លងកូវីដ១៩នៅរដូវរងារនេះគ្រាន់តែជាផ្នែកមួយនៃការគំរាមផ្នែកសុខភាពដែលអាម៉េរិកកំពុងប្រឈម ដោយជំងឺផ្តាសាយនិងវីរុសផ្លូវដង្ហើមRSVក៏កំពុងឆ្លងរាលដាលផងដែរ។
បើតាមលោកចា រដូវរងារនេះក៏ផ្ទុះជំងឺផ្តាសាយដ៏អាក្រក់ផងដែរនៅរយៈពេលមួយទសវត្សរ៍មកនេះ។មានអ្នកជំងឺផ្តាសាយយ៉ាងតិច១៥លាន ប្រមាណ១៥០.០០០ដេកពេទ្យ និង៩.៣០០នាក់ស្លាប់ដោយផ្តាសាយនៅរដូវនេះ នេះបើតាមCDC។
ជំងឺផ្លូវដង្ហើមRSVដែលចេញរោគសញ្ញាដូចផ្តាសាយក៏កើនខ្ពស់បំផុត ហើយទោះជាមានវ៉ាក់សាំងការពារវាគ្រប់គ្រាន់ក៏វាអាចបង្កគ្រោះថ្នាក់ដក់កូនក្មេងនិងមនុស្សចាស់។
វីរុសអូមីក្រុងបំប្លែងខ្លួនBQ.1 និង BQ.1.1 តំណាងអោយ៧០ភាគរយនៃការឆ្លងថ្មីៗនៅអាម៉េរិកនាសប្តាហ៍នេះ
ឥឡូវចំនួនមនុស្សស្លាប់ និងដេកពេទ្យដោយកូវីដ១៩នៅបន្តកើនឡើងនៅក្រុង/ខណ្ឌ ឡូស អ៊ែនជើឡេស ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយកើនលើសរដូវរងារឆ្នាំមុនទៅទៀត។ខណ្ឌនេះបានរាយការណ៍ចំនួនស្លាប់ដោយកូវីដជាមធ្យមកើនឡើងទ្វេដងនៅប្រាំពីរថ្ងៃមកនេះ បើធៀបនឹងពីរសប្តាហ៍មុន។
មនុស្សជិត៣៤.៤០០នាក់បានស្លាប់នៅក្នុងខណ្ឌនេះដោយកូវីដ១៩ចាប់តាំងពីជំងឺនេះបានចាប់ផ្តើមផ្ទុះ ហើយទោះជាចំនួនឆ្លងប្រចាំថ្ងៃធ្លាក់ចុះបន្តិចក៏វានៅខ្ពស់ជាងចំនួនឆ្លងកាលពីមួយខែមុនដល់ទៅ១២០ភាគរយ៕