ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា៖ កូនខ្លាត្រី គួរឱ្យស្រឡាញ់មួយក្បាល ត្រូវបានពលរដ្ឋនៅខេត្តតាកែវ ស្ម័គ្រចិត្តប្រគល់ជូន ក្រុមអ្នកអភិរក្សសត្វព្រៃ។ កូនខ្លាត្រី មួយក្បាលនេះ ត្រូវបានពលរដ្ឋនៅខេត្តតាកែវ ប្រគល់ជូនមន្ត្រីអភិរក្ស នៃមជ្ឈមណ្ឌល សង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

បើយោងតាមទំព័រហ្វេសប៊ុករបស់លោក នេត្រ ភក្រ្តា នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ នេះ បានបញ្ជាក់ ក្រោយការប្រគល់កូនខ្លាត្រី ពីសំណាក់ពលរដ្ឋ នៅខេត្តតាកែវ នេះរួចមកថាៈ ” ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានប្រគល់កូនខ្លាត្រីនេះ ឱ្យក្រុមអ្នកអភិរក្ស ដើម្បីបន្តថែរក្សាអភិរក្ស ឱ្យបានល្អ។ បងប្អូនប្រជាពលរដ្ឋ ភាគច្រើន បានយល់ដឹងពីសារៈប្រយោជន៍ នៃសត្វព្រៃ ជីវៈចម្រុះ និងបានកំពុងចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការការពារអភិរក្សសត្វព្រៃ តាមរយៈការធ្វើសេចក្តីរាយការណ៍ ពេលឃើញសត្វព្រៃ និងការលក់ដូរសាច់សត្វព្រៃ ខុសច្បាប់” ។

ជាមួយគ្នានេះ លោក រដ្ឋលេខាធិការ បានលើកឡើង ដោយបញ្ជាក់បន្ថែមថា៖ ”នេះគឺជាមោទកភាព របស់រដ្ឋាភិបាល និងអង្គការដៃគូ ដែលធ្វើការងារអភិរក្ស ដែលបានខិតខំអប់រំផ្សព្វផ្សាយ ពីផលប៉ះពាល់នៃ ការបាត់បង់សត្វព្រៃ និងសារៈសំខាន់ នៃវត្តមានសត្វព្រៃក្នុងប្រព័ន្ធអេកូឡូស៊ី។ ជាពិសេស តាមរយៈយុទ្ធនាការអន្ទាក់ ដ៏មានប្រជាប្រិយភាព ផ្តួចផ្តើម និងដឹកនាំធ្វើដោយ ក្រសួងបរិស្ថាន សហការជាមួយ អង្គការដៃគូដែលធ្វើការងារអភិរក្ស បានធ្វើឱ្យប្រជាពលរដ្ឋ មានការយល់ដឹង និងចូល រួមកាន់តែខ្លាំង។ នេះជាការបោះជំហានទៅមុខដ៏វិជ្ជមានសម្រាប់ការអភិរក្ស”។

គួរបញ្ជាក់ថា ខ្លាត្រី ត្រូវបានចាត់បញ្ចូលជាក្រុមសត្វ «ងាយរងគ្រោះ» នៅក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN។ ចំនួនសត្វខ្លាត្រីនេះ កំពុងថយចុះ យ៉ាងឆាប់រហ័ស និងខិតទៅជិតការផុតពូជ នៅតំបន់ជាច្រើន នៃអាស៊ីអាគ្នេយ៍។

ខ្លាត្រី (ខ្លាត្រី មានសម្បុរប្រផេះ រោមទន់ មានស្នាមអុចៗ ជើងខ្លី ត្រចៀកខ្លី មានស្នាម អុចតូចៗ នៅលើស្លឹកត្រចៀក។ ក្បាលរាងវែងស្តួច កន្ទុយខ្លីជាងក្បាល -ដងខ្លួន រោមទន់ មានស្នាមអុចៗ រាងឆ្នូតខ្លី នៅលើខ្នង។ កន្ទុយមានសម្បុរប្រផេះ មានអុចខ្មៅៗ នៅផ្នែកគល់ និងមានបង្កង់ខ្មៅនៅផ្នែកចុង។ ថ្ពាល់ និងក្តោងច្រមុះ មានព័ណ៌ប្រផេះ មានឆ្នូតពីរ ចាប់ពីភ្នែក មកក្រោមត្រចៀក។ ខ្លាត្រីជាសត្វចូលចិត្តរស់នៅតាមព្រៃគម្ពោត និងព្រៃល្បោះក្បែរមានទឹក ដែលជាកន្លែង ដែលវាអាចចាប់ត្រី ក្តាម បក្សី គ្រុំ និងសត្វ ដទៃទៀត បានធ្វើជាអារហារ។

ខ្លាត្រី អាចបង្កើតកូនបានពី ២-៣ ក្បាល បន្ទាប់ពីពពោះ រយៈពេល ៩០-៩៥ ថ្ងៃ ហើយវាអាចបន្តពូជ បាននៅអាយុ ៨ខែកន្លះ។ សត្វប្រភេទនេះ មានរបាយនៅតំបន់ ភូមិភាគឦសាន ភាគខាងជើង និងនិរតី នៃប្រទេសកម្ពុជា។ កន្លងមក ខ្លាត្រី ត្រូវបាន បញ្ជាក់វត្តមាន នៅតំបន់រ៉ាមសារ ស្ទឹងសែន បឹងទន្លេសាប និងដែនជម្រកសត្វព្រៃ ពាមក្រសោប៕/V/R