ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ឥណ្ឌាគ្រោងនឹងក្លាយជាប្រទេសសេដ្ឋកិច្ចធំដែលរីកលូតលាស់លឿនបំផុតរបស់ពិភពលោកក្នុងឆ្នាំខាងមុខដោយសារការរីកដុះដាលនៃការលក់រាយក្រោយជំងឺរាតត្បាតនិងការជួសជុលតារាងតុល្យការធនាគារនាពេលថ្មីៗនេះបានទាក់ទាញការវិនិយោគថ្មី ដែលជំរុញឱ្យមានតម្រូវការខ្លាំងសម្រាប់អ្វីៗគ្រប់យ៉ាងរាប់ចាប់ពីរថយន្តរហូតដល់ទូរទស្សន៍ ធ្យូងថ្មនិងក្រុមហ៊ុនអាកាសចរណ៍។
យោងតាមការស្ទាបស្ទង់របស់ធនាគារកណ្តាលឥណ្ឌាបានឱ្យដឹងថា សេដ្ឋកិច្ចធំបំផុតទីប្រាំរបស់ពិភពលោកត្រូវគេរំពឹងថានឹងកើនឡើង ៦ ភាគរយក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤។
ខណៈទាបជាងការព្យាករណ៍ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន៦,៨ ភាគរយ ទស្សនវិស័យនេះគឺផ្ទុយស្រឡះនឹងការព្យាករណ៍ ២០២៣ ដ៏អាប់អួរនៅសហរដ្ឋអាម៉េរិក អឺរ៉ុប និងគួរឱ្យកត់សម្គាល់បំផុតគឺប្រទេសចិន ដែលជាគូប្រជែងសេដ្ឋកិច្ចអាស៊ីដ៏សំខាន់ ដែលការកើនឡើងនាពេលថ្មីៗនេះនៃការឆ្លងកូវីដត្រូវគេរំពឹងថានឹងធ្វើឱ្យរាំងស្ទះសកម្មភាពសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៣។
អ្វីដែលសំខាន់គឺថា លក្ខខណ្ឌគឺប្រសើរជាងមុនផងដែរ នោះគឺដោយសារការថយចុះវិបត្តិក្នុងអំឡុងការកើនឡើងករណីកូវីដ១៩ដ៏សាហាវរបស់ឥណ្ឌាក្នុងឆ្នាំ ២០២១ក៏ដូចជាការថយចុះវិបត្តិបំណុលពីទសវត្សរ៍មុនផងដែរ។
អារម្មណ៍ធូរស្រាលបែបនេះហើយទើបជំរុញឱ្យមានការចំណាយនិងការវិនិយោគក្នុងប្រទេសឥណ្ឌាកាន់តែខ្លាំងឡើង បើទោះបីជាការស្ទុះងើបឡើងវិញត្រូវគេរំពឹងថានឹងមានភាពមិនស្មើគ្នាក៏ដោយ ដែលវានឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យនានាតាមទីក្រុងជាងជនបទ។
លោក ស្រីដា ស៊ីវ៉ារ៉ាម (Sridhar Sivaram) នាយកផ្នែកវិនិយោគនៅក្រុមហ៊ុន Enam Holdings ជាក្រុមវិនិយោគគ្រប់គ្រងដោយឯកជន បាននិយាយថា “ប្រសិនបើឥណ្ឌាធ្វើអ្វីៗបានត្រឹមត្រូវ យើងអាចឃើញលំហូរចូលទុនពីបរទេសដ៏សំខាន់ក្នុងរយៈពេលពីមួយទៅពីរឆ្នាំខាងមុខ”។
លោកមានសុទិដ្ឋិនិយមបំផុតលើធនាគារឥណ្ឌា ដែលកំពុងមាន “ពេលវេលាដូចក្នុងរឿង Cinderella” ជាឃ្លាពេញនិយមប្រើដោយមហាសេដ្ឋីធនាគារ លោក អូដាយ កូតាក់ (Uday Kotak) ដោយសារតែតម្រូវការឥណទានខ្ពស់ និង ការថយចុះបំណុលស្អុយ៕
អារម្មណ៍ធូរស្រាលបានជំរុញឱ្យមានការចំណាយនិងការវិនិយោគក្នុងប្រទេសឥណ្ឌាកាន់តែខ្លាំងឡើង