ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋាភិបាលនូវែលសេឡង់កាលពីថ្ងៃពុធទី២១ធ្នូបានគូសបញ្ជាក់ពីការផ្លាស់ប្តូរចំពោះផែនការដ៏ចម្រូងចម្រាសក្នុងការយកពន្ធលើផោមនិងភើរបស់គោប៉ុន្តែក្រុមកសិករឈានមុខមួយបាននិយាយថា ខ្លួននៅតែប្រឆាំងនឹងគម្រោងការកាត់បន្ថយការបំភាយឧស្ម័ននេះ។
នូវែលសេឡង់កំពុងរៀបចំផែនការយកពន្ធលើការបំភាយឧស្ម័នមេតាននិងនីត្រាតអុកស៊ីតលើកដំបូងបំផុត ដែលផលិតដោយសត្វគោចំនួន ៦ លានក្បាល និងចៀម ២៦ លានក្បាលរបស់ប្រទេសនេះ ជាជំហានមួយឆ្ពោះទៅរកការដោះស្រាយការប្រែប្រួលអាកាសធាតុ។
នៅក្រោមគម្រោងដែលបានស្នើឡើងនេះ កសិករនឹងត្រូវចំណាយសម្រាប់ការបំភាយឧស្ម័នពីសត្វរបស់ពួកគេ។
ផែនការនេះបានបង្កឱ្យមានភាពចលាចលនៅក្នុងសហគមន៍កសិកម្មរបស់នូវែលសេឡង់ និងបង្កឱ្យមានការតវ៉ាទូទាំងប្រទេស។
កសិករបានទាមទារឱ្យរដ្ឋាភិបាលឆ្វេងនិយមរបស់នាយករដ្ឋមន្ត្រី ចាស៊ីនដា អាឌឺន (Jacinda Ardern) លុបចោលពន្ធនេះ ដែលពួកគេព្រមានថានឹងធ្វើឱ្យអាហារមានតម្លៃថ្លៃជាងមុន និង អាចបង្កហានិភ័យដល់ជីវភាពរស់នៅ។
ការផ្លាស់ប្តូរ ដែលបានគូសបញ្ជាក់នៅថ្ងៃពុធនេះ រួមមានការអនុញ្ញាតឱ្យកសិករប្រើប្រាស់ព្រៃឈើមិនមែនកសិដ្ឋានដើម្បីទូទាត់ចំពោះការបំភាយកាបូនរបស់ពួកគេ និងការសន្យាដើម្បីរក្សាតម្លៃនៃការបំភាយឧស្ម័នឱ្យនៅទាប។
លោកស្រីអាឌឺនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គោលដៅរួមរបស់យើងគឺគាំទ្រកសិករឱ្យបង្កើនការនាំចេញរបស់ពួកគេ កាត់បន្ថយការបំភាយឧស្ម័ននិងរក្សាបាននូវការប្រកួតប្រជែងជាអន្តរជាតិរបស់វិស័យកសិកម្មរបស់យើង”។
លោកស្រីបានព្រមានថា “ទោះមានឬគ្មានសំណើរបស់រដ្ឋាភិបាលក៏ដោយ ក៏នូវែលសេឡង់នៅតែត្រូវនៅជួរមុខគេ ដើម្បីរក្សាការប្រកួតប្រជែងនៅក្នុងទីផ្សារដែលទាមទារផលិតផលដែលផលិតប្រកបដោយនិរន្តរភាព”។
លោកស្រីអាឌឺនសង្ឃឹមថាគណៈរដ្ឋមន្ត្រីរបស់លោកស្រីនឹងធ្វើការសម្រេចចិត្តចុងក្រោយលើការកំណត់តម្លៃសម្រាប់គម្រោងការបំភាយឧស្ម័នកសិកម្មនៅដើមឆ្នាំ២០២៣ដោយគម្រោងកំណត់តម្លៃរយៈពេលប្រាំឆ្នាំនឹងចាប់ផ្តើមពីឆ្នាំ ២០២៥។
លោក អាន់ឌ្រូ ហុកហ្គាដ (Andrew Hoggard) ប្រធានក្រុមតស៊ូមតិផ្នែកកសិកម្មឈានមុខមួយរបស់នូវែលសេឡង់បាននិយាយថា ផែនការដែលបានធ្វើកែសម្រួលនេះនៅតែមានក្លិនស្អុយ ហើយបានរិះគន់ “តារាងពេលវេលាមិនប្រាកដប្រជា” របស់រដ្ឋាភិបាល។
លោកហុកហ្គាដ ជាប្រធានសហព័ន្ធកសិករនូវែលសេឡង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសផ្សេងទៀតកំពុងនិយាយអំពីសន្តិសុខស្បៀងនិងធ្វើការជាមួយកសិករដើម្បីបង្កើតដំណោះស្រាយជាក់ស្តែងនៅតាមកសិដ្ឋាន។មានតែនូវែលសេឡង់ប៉ុណ្ណោះដែលចាត់វិធានការដាក់ទណ្ឌកម្មពន្ធលើការផលិតស្បៀងអាហារប្រកបដោយប្រសិទ្ធភាពនិងមិនមានឧបត្ថម្ភធនទោះបីជាវាបង្កការខាតបង់ធំក៏ដោយ”៕
រដ្ឋាភិបាលនូវែលសេឡង់បានកែប្រែផែនការដ៏ចម្រូងចម្រាសដើម្បីយកពន្ធលើការបំភាយឧស្ម័នផ្ទះកញ្ចក់ពីសត្វនៅតាមកសិដ្ឋាន