ប្រែសម្រួលៈបំណង(ស្ពុតនិច)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានទទួលជួបនិងពិភាក្សាការងារជាមួយអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក ឌីមីទ្រី មេវ៉េដេវ (Dmitry Medvedev )នៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ។
លោក មេវ៉េដេវ ដែលជាអតីតប្រធានាធិបតីរុស្ស៊ី បានពាំនាំសាររបស់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន មកជូនលោកស៊ី និងថាលោកនិងលោកស៊ីបានពិភាក្សាអំពីភាពជាដៃគូយុទ្ធសាស្ត្រចិន-រុស្ស៊ី កិច្ចសហការរវាងប្រទេសទាំងពីរ ព្រមទាំងជម្លោះនៅអ៊ុយក្រែន។
ការិយាល័យរបស់មេវ៉េដេវ បាននិយាយថា «លោកមេវ៉េដេវ បានជូនសាររបស់លោកពូទីនចំពោះលោកស៊ី ដោយកត់សំគាល់ជាពិសេសការចរចានយោបាយកំរិតខ្ពស់មិនដែលធ្លាប់មានរវាងចិននិងរុស្ស៊ី និងកិច្ចសហការជាក់ស្តែង ហើយសម្តែងជំនឿចិត្តលើការអភិវឌ្ឍទំនាក់ទំនងថ្នាក់រដ្ឋនិងបក្សជាមួយក្រុមមេដឹកនាំថ្មីរបស់បក្សកុំម្មុយនីស្តចិន »។
ការិយាល័យបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «លោកមេវ៉េដេវនិងលោកស៊ី បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាមួយចំនួនធំក្នុងអំឡុងជំនួបនៅក្រុងប៉េកាំងកាលពីថ្ងៃពុធ។អ្នកទាំងពីរបានវាយតំលៃខ្ពស់អំពីស្ថានភាពនិងទស្សនវិស័យនៃទំនាក់ទំនងចិន-រុស្ស៊ី និងបញ្ហាទ្វេភាគីមួយចំនួនធំ»។
វាបានបន្ថែមថាភាគីទាំងពីរ ក៏បានពិភាក្សាអំពីស្ថានការនៅក្នុងអតីតរដ្ឋសូវៀត រួមមានវិបត្តិនៅអ៊ុយក្រែន ព្រមទាំងបញ្ហាអន្តរជាតិសំខាន់មួយចំនួន។លោកស៊ីនិងមេវ៉េដេវ ក៏បានសំរេចកិច្ចព្រមព្រៀងមួយដើម្បីបង្កើនកិច្ចសហការរវាងបក្ស ដែលកំពុងដឹកនាំប្រទេសនៃប្រទេសទាំងពីរ៕
លោកមេវ៉េដេវ កំពុងដឹកនាំគណៈប្រតិភូបក្សUnited Russiaមកធ្វើទស្សនកិច្ចចិន តាមការអញ្ជើញរបស់គណបក្សកុំម្មុយនីស្តចិន