ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា៖ ដំណើរការស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុ នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប នៃចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ត្រូវបានបញ្ចប់ ទាំងស្រុងហើយ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងអប់រំ បានឱ្យដឹងដែរថា៖ ការទទួលបានជោគជ័យនេះ បន្ទាប់ពីបានបំពេញ ភារកិច្ច យ៉ាងសកម្ម និងប្រកបដោយទំនួលខុសត្រូវខ្ពស់ ពីសមាជិកអនុគណៈកម្មការ គ្រប់គ្រងសន្លឹក MCS អនុគណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងគណៈកម្មការ ទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំ ពីមន្ត្រីអង្គភាពប្រឆាំងអំពើ ពុករលួយផងដែរ ដែលអាចធានាបាននូវ ការប្រឡងស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

នៅថ្ងៃដដែលនេះ ក្រសួងអប់រំ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ពីការការប្រកាស លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ នឹងប្រកាសនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៣ រសៀល សម្រាប់រាជធានីភ្នំពេញ-កណ្ដាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់បណ្ដាខេត្តផ្សេងទៀត។

គួរបញ្ជាក់ថា បើតាមការគ្រោងទុក ការប្រកាសលទ្ធផលប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប ក្រសួងបានកំណត់ យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំង ប្រទេស។

ទោះបីយ៉ាងណា បើតាមប្រភពពីក្រសួងអប់រំ បានឱ្យដឹងថា៖ ដោយសារការបញ្ចប់ កំណែ និងការបូកសរុបពិន្ទុបញ្ចប់ មុនកំណត់ ហេតុនេះ ក្រសួងបានសម្រេចយកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ-កណ្ដាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់បណ្ដាខេត្តផ្សេងទៀត និងផ្សព្វផ្សាយ តាមបណ្ដាញទំនាក់ទំនង សង្គមផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh។

សូមរំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡង សរុប ១២៨.១៣៤ នាក់ ស្រី ៦៨.៧៧១ នាក់ មណ្ឌលប្រឡងសរុប ២២១ មណ្ឌល ត្រូវជា ៥.១៧៤ បន្ទប់៕/V-PC