ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើដំណើរ ទៅដល់ប្រទេសឥណ្ឌូណេស៊ីហើយ ដើម្បីប្រកួតជាមួយក្រុមម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup នាថ្ងៃទី២៣ ធ្នូ ស្អែកនេះ។

ក្រុមកម្ពុជា គ្រោងនឹងហ្វឹកហាត់ រយៈពេល ២ថ្ងៃ នៅឥណ្ឌូណេស៊ី តែដោយសារការ ហោះហើរ ត្រូវពន្យារពេលរហូតដល់ទៅ ២ លើកនោះ ហេតុនេះ ក្រុមកម្ពុជា នៅសល់ពេលតែមួយថ្ងៃប៉ុណ្ណោះ ដើម្បីហ្វឹកហាត់។

អ្នកចាត់ការទូទៅ ក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានបង្ហោះ សារក្នុងបណ្ដាញសង្គម (Facebook) របស់លោក ក្រោយកម្ពុជាយកឈ្នះ ក្រុមហ្វីលីពីន ៣ទល់២ថាៈ « អរគុណអ្នកគាំទ្រ សម្រាប់ការប្រកួតទល់នឹងក្រុម ហ្វីលីពីន។ ការប្រកួតបន្ទាប់ គឺជាការប្រកួតដ៏សំខាន់បំផុត ហើយការជួបជាមួយ ឥណ្ឌូណេស៊ី នឹងក្លាយជាការប្រកួត ដ៏តានតឹងមួយ។ យើងនឹងរៀបចំក្រុមឱ្យបានល្អ។»

ដោយឡែក លោក Ryu Hirose គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បានលើក ឡើងថាៈ ចំពោះ AFF Mitsubishi Electric Cup នេះ ការរៀបចំរបស់ ពួកយើង គឺដំណើរការបានប្រសើរ ដោយយើងមានពេលវេលាសមរម្យ ក្នុងការធ្វើការងារ ជាមួយកីឡាករ ហើយសម្រាប់ការប្រកួតទល់នឹង៣ ក្រុមផ្សេងៗទៀត យើងនឹងប្រឹងប្រែងអនុវត្តន៍ ទៅតាមផែនការ នៃការហ្វឹកហាត់របស់យើង នាពេលកន្លងមក ឱ្យបានល្អ។

សូមបញ្ជាក់ថា ក្នុងពូល A ដែលមាន ថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី កម្ពុជា និង ព្រុយណេ ដែលជាបេក្ខភាពឡើងមកពីវគ្គជម្រុះបឋម ក្រោយឈ្នះទីម័រខាងកើត។ ចំពោះពូល B មាន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងក្រុមឡាវ។

ក្រៅពីកម្ពុជា រកបាន ៣ ពិន្ទុដំបូង ក្រុមថៃ ក៏បាន ៣ ពិន្ទុដែរ ក្រោយឈ្នះក្រុមព្រុយណេ ក្នុងលទ្ធផល ៥ទល់០ នៅកីឡដ្ឋាន Kuala LampurFutball Stadium កាលពីថ្ងៃទី២០ ខែធ្នូ ដូចគ្នា។

នៅថ្ងៃ២៣ ធ្នូ ស្អែកនេះ ក្រុមកម្ពុជា នឹងជួបជាមួយម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី នាវេលាម៉ោង ១៦:៣០ នៅកីឡដ្ឋាន Gelora Bung Karno Stadium៕/V-PC