ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ដើមខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមកីឡា អេឡិចត្រូនិក Burn X Flash តំណាងឱ្យកម្ពុជា នឹងត្រូវចូលរួមប្រកួតកីឡាអេឡិច ត្រូនិក ជើងឯកពិភពលោក (M4 World Championship) ហៅកាត់ M4 នៅប្រទេសឥណ្ឌូណេស៊ី លើវិញ្ញាសា Mobile Legends: Bang Bang ក្រោមការរៀបចំឡើង ពីក្រុមហ៊ុន Moonton។

ការប្រកួត ត្រូវបានបែងចែក ជាពីរដំណាក់កាល គឺវគ្គសន្សំពិន្ទុក្នុងពូល ចាប់ពីថ្ងៃទី ១ ដល់ទី ៤ ខែមករា និងវគ្គចាញ់ធ្លាក់ ឈ្នះឡើង រហូតដល់វគ្គផ្តាច់ព្រ័ត្រ ចាប់ពីថ្ងៃទី ៧ ដល់ទី ១៧ ខែមករា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍អន្តរជាតិនេះ មានក្រុមចំនួន១៦ មកពីប្រទេសផ្សេងៗ ជុំវិញពិភពលោក នឹងត្រូវបានបែងចែកជា ៤ ពូល ហើយក្នុង ១ពូល មាន ៤ក្រុម។ ចំពោះបេក្ខភាពកម្ពុជា តំណាងដោយក្រុម Burn X Flash ស្ថិតនៅក្នុង A ដែលមានក្រុមខ្លាំងៗ ដូចជា Blacklist International របស់ប្រទេសហ្វីលីពីន ជាក្រុមការពារតំណែង ជើងឯកឆ្នាំចាស់ ក្រុម Falcon Esports ជាជើងខ្លាំងរបស់ប្រទេសមីយ៉ាន់ម៉ា និងក្រុម Incendio Supremacy របស់តួកគី។

ប្រាក់រង្វាន់ សម្រាប់ព្រឹត្តិការណ៍នេះ មានសរុបចំនួន ៨០ ម៉ឺនដុល្លារអាម៉េរិក ដែលមាន ការបែងចែកប្រាក់រង្វាន់ទាំងនេះ ទៅតាមចំណាត់ថ្នាក់ចាប់ពីលេខ១ ដល់លេខ១៦ ។
ការប្រកួតវគ្គក្នុងពូល A៖ Blacklist International (ហ្វីលីពីន), Burn X Flash (កម្ពុជា), Falcon Esports (មីយ៉ាន់ម៉ា) និង Incendio Supremacy (តួកគី)។ ពូល B៖ Malvinas Games (អាហ្សង់ទីន), MDH Esports (វៀតណាម), ONIC Esports (ឥណ្ឌូណេស៊ី) និង TODAK (ម៉ាឡេស៊ី)។ ពូល C៖ ECHO (ហ្វីលីពីន), Occupy Thrones (អេហ្ស៊ីប), RRQ Hoshi (ឥណ្ឌូណេស៊ី), និង RSG Singapore (សិង្ហបុរី)។ ពូល D៖ RRQ Akira (ប្រេស៊ីល), S11 Gaming Angentina (ប៊ូឡាវី), Team HAQ (ម៉ាឡេស៊ី), និង The Valley (អាម៉េរិកខាងជើង)។

កាលពីឆ្នាំ២០២១ ដែលជាព្រឹត្តិការណ៍ M3 ឆ្នាំ២០២១ រៀបចំការប្រកួត នៅប្រទេសសិង្ហបុរី ក្រុមកម្ពុជា See You Soon ធ្វើបានល្អដែរ ដោយទទួលបាន ចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ១៦ ក្រុម ដោយទទួលបានប្រាក់រង្វាន់ ១៥.០០០ ដុល្លារអាម៉េរិក៕/V-PC