ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ក្រុមការងារចម្រុះរបស់រដ្ឋបាលស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានចុះរៀបចំសណ្ដាប់ លក់ដូរជុំវិញផ្សារព្រៃខ្មែរ ស្ថិតនៅក្នុងភូមិអណ្តូងស្នាយ ឃុំអណ្ដូង ស្រុករលាប្អៀរ ដើម្បីបង្កាអគ្គិភ័យ និងថែ រក្សាបរិស្ថាន និងសោភ័ណភាព នៃទីផ្សារនេះ ផងដែរ។

លោក ស៊ីវ សារិទ្ធ អភិបាលរងស្រុករលាប្អៀរ និងជាប្រធានក្រុមការងារចម្រុះ បានឲ្យដឹងថាៈ យោងតាមការណែនាំរបស់ លោកអភិបាលនៃគណៈអភិបាលខេត្ត និងយោងតាមលិខិតបង្គាប់ការលេខ ១២/២ ២លបក ចុះថ្ងៃទី ១៤ ឆ្នាំ ២០២២ របស់អភិបាលស្រុករលាប្អៀរ នៅថ្ងៃនេះ ក្រុមការងារចម្រុះ រួមមាន ចំនួនជាង ២០ នាក់ បានចុះផ្សព្វផ្សាយ និងណែនាំ ដល់អាជីវករលក់ដូរ នៅផ្សារព្រៃខ្មែរ រៀបចំសណ្ដាប់ធ្នាប់លក់ដូរ លើចំណីផ្លូវសាធារណៈ និងលើផ្លូវចេញចូលផ្សារ  ដែលនាំក្រុមអាជីវករ ឲ្យរៀបចំប្រព័ន្ធភ្លើង ប្រព័ន្ធទឹកសុវត្ថិភាព ដើម្បីបង្ការអគ្គិភ័យ ដែលអាចកើតឡើងណាមួយ ជាយថាហេតុ។

លោកប្រធានក្រុមការងារចម្រុះ បានបញ្ជាក់ថាៈ នៅក្នុងការណែនាំនេះ ក្រុមការងារ ចម្រុះ បានទុករយៈពេល ៧ ថ្ងៃ ឱ្យអាជីវករលក់ដូរជុំវិញផ្សារព្រៃខ្មែរ រុះរើតូបលក់ដូរ របស់ខ្លួនចេញពីចំណីផ្លូវ និងចេញពីផ្លូវចេញ ចូលរបស់ផ្សារ បើនៅក្នុងរយៈពេល ៧ ថ្ងៃ ហើយ អាជីវករ ក៏មិនរុះរើតាមការណែនាំនោះទេ ក្រុមការងារចម្រុះ នឹងចាត់វិធានការ រដ្ឋបាល តាមផ្លូវច្បាប់ ដោយប្រើប្រាស់កងកម្លាំង ចម្រុះ​ ចុះរុះរើដោយផ្ទាល់ ដោយមិន ទទួលខុសត្រូវ ការបាក់បែក ឬបាត់បង់ខូចខាតរោងលក់ដូរទាំងអស់នោះឡើយ៕/V-PC