ដោយៈ សម្បត្តិ / ភ្នំពេញ៖ នគរបាលខណ្ឌកំបូល ដោយមានការចូលរួមសហការ ពីកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងការិយាល័យនគរបាលកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានស្រាវជ្រាវ ឈានដល់បំបែកសំណុំរឿង អំពើប្លន់ប្រដាប់អាវុធ យ៉ាងកក្រើក ទៅលើម៉ូតូជនរងគ្រោះ ៤ ករណី នៅខណ្ឌកំបូល រាជធានីភ្នំពេញ ដោយបានចាប់ខ្លួនជនសង្ស័យ ចំនួន ៩​ នាក់ជាបន្តបន្ទាប់ ដកហូតវត្ថុតាង មធ្យោបាយប្រព្រឹត្តបទល្មើស ម៉ូតូ ៣ គ្រឿង និងកាំភ្លើងខ្លី ១ ដើមម៉ាកកា ៥៩។ ការបង្រ្កាបចាប់ខ្លួនជនសង្ស័យចោរប្លន់ទាំងនេះ កម្លាំងនគរបាល បានធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងភូមិសាស្រ្តខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពីក្រុមជនសង្ស័យបានធ្វើសកម្មភាពអំពើប្លន់ម៉ូតូបានសម្រេចជាបន្តបន្ទាប់រហូត០៤ករណីនៅក្នុងភូមិសាស្រ្តខណ្ឌកំបូល។

លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានប្រាប់ឱ្យដឹងថា៖ ការបង្រ្កាបចាប់ខ្លួនជនសង្ស័យ អំពើប្លន់ប្រដាប់អាវុធ បានសម្រេច នៅពេលនេះ គឺកម្លាំងនគរបាលខណ្ឌកំបូល អនុវត្តតាមបទបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានបញ្ជាលោក ឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារ ព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលដឹកនាំបញ្ជាពង្រឹង អធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឺកនាំបញ្ជាផ្ទាល់ កងកម្លាំងអធិការដ្ឋាន នគរបាល ខណ្ឌកំបូល សហការជាមួយ និងកម្លាំងជំនាញពាក់ព័ន្ធ ក៏ឈានទៅដល់ ការបង្រ្កាបក្រុមចោរប្លន់ទាំងនេះ បានជាបន្តបន្ទាប់ តាមរយៈវិធានការស្រាវជ្រាវ ស៊ើបអង្កេតជំនាញព្រហ្មទណ្ឌ និងមានការចូលរួមសហការផ្តល់ព័ត៌មាន ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន តាមរយៈការចុះធ្វើរដ្ឋបាល។

លោកអធិការនគរបាលខណ្ឌកំបូល បានប្រាប់ឱ្យដឹងទៀតថា៖ ជនសង្ស័យទាំង ៩នាក់ រាល់ធ្វើសកម្មភាពប្លន់ម៉ូតូ បានសម្រេចទាំង ៤ ករណី នៅក្នុងភូមិសាស្រ្តខណ្ឌកំបូល កន្លងមក គឺពួកវាបានធ្វើសកម្មភាព ដោយជិះម៉ូតូដេញតាមម៉ូតូជនរងគ្រោះ នៅតាមផ្លូវ សាធារណៈ មានសភាពស្ងាត់ជ្រងំ ហើយពួកវាយកកាំភ្លើងខ្លី ភ្ជង់ជនរងគ្រោះឱ្យឈប់ ម៉ូតូ ហើយធាក់ផ្តួលម៉ូតូ ក៏វាយជនរងគ្រោះ ដោយកាំភ្លើង ប្លន់យកម៉ូតូ​ជិះគេចខ្លួនបាត់ តែម្តង។

លោកអធិការនគរបាលខណ្ឌកំបូល បានប្រាប់ឱ្យដឹងទៀតថា៖ ជនសង្ស័យទាំង ៩នាក់នោះ សុទ្ធតែជាយុវជន មានអាយុ ១៨ ឆ្នាំ ដូចគ្នា រួមមានៈ ​១.ឈ្មោះ ជា ដារ៉ូ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិផ្សារអង្គ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែន ជ័យ, ២.ឈ្មោះ សម្បត្តិ ដា ហៅឆាង មុខរបរសន្តិសុខ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ, ៣.ឈ្មោះ រៀម ចាន់ ស្នាក់នៅភូមិ៦ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ, ៤.ឈ្មោះ ស្រៀង វណ្ណៈ ហៅម៉ៅ ស្នាក់នៅភូមិ៦ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ, ៥ឈ្មោះ ទិត្យ វីឡា រស់នៅភូមិ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ, ៦.ឈ្មោះ សុខ ទៀង ដាវីដ ស្នាក់នៅភូមិ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ប្រើប្រាស់គ្រឿងញៀន, ៧.ឈ្មោះ យុន វិសាល ហៅប៉េ រស់នៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល, ៨.ឈ្មោះ ឈឹង គឹមឆន រស់នៅភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ និង៩.ឈ្មោះ អុន សំអុល ហៅខ្លី រស់នៅភូមិអំបិល សង្កាត់កំបូល ខណ្ឌកំបូល ។ ជនសង្័យ ៧នាក់ ចុងក្រោយនេះ គ្មានមុខរបរពិតប្រាកដ ដូចគ្នា។

លោកវរសេនីយ៍ឯក អធិការនគរបាលខណ្ឌកំបូល បានប្រាប់ឱ្យដឹងទៀតថា៖ ក្រោយពីការបង្រ្កាប និងចាប់ខ្លួនជនសង្ស័យ គឺពួកគេ បានឆ្លើយសារភាព ទទួលកំហុសដែលខ្លួនបានប្រព្រឹត្ត ពិតប្រាក ក្នុងអំពើប្លន់ម៉ូតូ ៤ ករណី ដោយម៉ូតូប្លន់ បានសម្រេច យកទៅលក់បានប្រាក់ចែកគ្នា ក្នុងម្នាក់ៗពី ៣០ ដុល្លារ ទៅ ៥០ ដុល្លារ យកទៅផឹកស៊ី ចាយវាយអស់។ បច្ចុប្បន្ន ជន សង្ស័យ និងវត្ថុតាង កម្លាំងជំនាញ ព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលខណ្ឌកំបូល កំពុងកសាងសំណុំរឿង និងបញ្ជូនទៅ តុលាការ ចាត់ការតាមផ្លូវច្បាប់៕/V-PC