ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីជាន់ខ្ពស់ ជាច្រើនរូបទៀត បានចុះពិនិត្យដំណើរការ នៃការបោះពុម្ពលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង ០៥ ធ្នូ ២០២២ ដោយក្នុងនេះ មានការចូលរួមពិនិត្យផងដែរ ពីសំណាក់ អង្គភាពប្រឆាំងអំពើពុករលួយ។

បើតាមក្រសួងអប់រំ បានឱ្យដឹងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះថាៈ ការចុះត្រួតពិនិត្យ របស់រដ្ឋមន្រ្តីក្រសួងអប់រំ និងភាគីពាក់ព័ន្ធដទៃទៀតនេះ ដើម្បីបង្ហាញឱ្យឃើញ ពីការធានាបានថា គ្រប់ដំណាក់កាល ជុំវិញការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយគោរពតាម គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបាន។

គួរបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់មណ្ឌល រាជធានីភ្នំពេញ និងខេត្តកណ្ដាល នឹងត្រូវប្រកាស នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះ វេលាម៉ោង ៣ រសៀល។
ដោយឡែក សម្រាប់មណ្ឌល តាមបណ្ដាខេត្ត នឹងត្រូវប្រកាស នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងមានផ្សព្វផ្សាយ លើទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងអប់រំ យុវជន និងកីឡា៕ V / N