ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានស្វាគមន៍មេដឹកនាំអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គីមកកាន់សេតវិមានកាលពីថ្ងៃពុធទី២១ធ្នូជាមួយនឹងការធានាជាថ្មីអំពីការគាំទ្ររបស់អាម៉េរិកសម្រាប់ការការពារអ៊ុយក្រែនប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។
ក្រោយមកដល់តាមសួនខាងត្បូងរបស់សេតវិមានតាមរថយន្តម៉ាក Chevroletពណ៌ខ្មៅ និងពាក់អាវយឺតពណ៌បៃតងអូលីវ និងខោវែងពណ៌ក្រម៉ៅប្រចាំត្រកូលរបស់គាត់ លោកហ្សេលេនស្គីបានប្រាប់លោកបៃដិនក្នុងកិច្ចប្រជុំមួយនៅការិយាល័យពងក្រពើថា “ជាបឋមខ្ញុំសូមអរគុណ។ វាជាកិត្តិយសដ៏អស្ចារ្យដែលបានមកទីនេះ”។
លោកបៃដិនពាក់ឈុតធំពណ៌ខៀវនិងក្រវាត់កពណ៌ខៀវនិងលឿង ដែលជាពណ៌នៃទង់ជាតិអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន ដែលនិយាយថាលោកចង់មកសហរដ្ឋអាម៉េរិកឱ្យបានឆាប់ជាងនេះ បានផ្តល់ការកោតសរសើរដល់លោកបៃដិន សភាអាម៉េរិក និងប្រជាជនអាម៉េរិកចំពោះការគាំទ្ររបស់ពួកគេ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានប្រទេសរបស់លោកកាលពីចុងខែកុម្ភៈ។
លោកបានផ្តល់ឱ្យលោកបៃដិននូវមេដាយអ៊ុយក្រែនសម្រាប់គុណសម្បត្តិខាងយោធា ដែលបានផ្តល់ជូនដោយមេបញ្ជាការក្រុមរ៉ុក្កែត HIMARS។
ប្រព័ន្ធរ៉ុក្កែត HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាម៉េរិក បានបង្ហាញឱ្យឃើញពីសារៈសំខាន់ចំពោះការវាយលុករបស់អ៊ុយក្រែនក្នុងខែសីហា ដែលបានបណ្តេញរុស្ស៊ីចេញពីទីក្រុងខាគីវ (Kharkiv) និងបន្ទាប់មកគឺទីក្រុងឃើសុន (Kherson)កាលពីខែមុន ដោយបានជំរុញដល់យុទ្ធសាស្ត្ររបស់អ៊ុយក្រែនក្នុងការវាយលុកទីបញ្ជា ផ្លូវដឹកជញ្ជូន និងឃ្លាំងគ្រាប់របស់រុស្ស៊ី។
សេតវិមានបាននិយាយថា មន្ត្រីមេបញ្ជាការនោះបានជួបលោកហ្សេលេនស្គីនៅទីក្រុងបាក់មុត (Bakhmut) ជាទីក្រុងជួរមុខរបស់អ៊ុយក្រែននៅភាគខាងកើតកាលពីដើមសប្តាហ៍នេះ ហើយបានសុំឱ្យគាត់ប្រគល់មេដាយរបស់គាត់ដល់លោកបៃដិន ជាសញ្ញានៃការដឹងគុណរបស់គាត់។
មន្ត្រីរូបនោះក៏បានសរសេរសំបុត្រឱ្យលោកបៃដិនផងដែរដើម្បីបង្ហាញពីការដឹងគុណរបស់អ៊ុយក្រែនចំពោះជំនួយរបស់អាម៉េរិក ដែលបានជួយមនុស្សជាច្រើននៅអ៊ុយក្រែនឱ្យនៅរស់ នេះបើយោងតាមសេតវិមាន។
លោកបៃដិនបាននិយាយថា “ពិតជាមិនស័ក្តិសមទេ ប៉ុន្តែសូមកោតសរសើរ” ខណៈលោកទទួលយកមេដាយពីលោកហ្សេលេនស្គី ដោយសន្យាថានឹងផ្តល់កាក់បញ្ជាការមួយឱ្យទៅមេបញ្ជាការអ៊ុយក្រែនរូបនោះពីសមរភូមិអាម៉េរិកក្នុងប្រទេសអ៊ីរ៉ាក់ ដែលកូនប្រុសស្លាប់ទៅរបស់គាត់ គឺលោកប៊ូ (Beau) បានប្រយុទ្ធ។
សេតវិមានបាននិយាយថា ក្រោយមកលោកបៃដិនបានប្រគល់កាក់បញ្ជាការចំនួនពីរដល់លោកហ្សេលេនស្គី មួយគឺសម្រាប់លោកមេបញ្ជាការរូបនោះ និងមួយទៀតសម្រាប់ប្រធានាធិបតីអ៊ុយក្រែន៕
លោកហ្សេលេនស្គីប្រគល់មេដាយយោធារបស់មេបញ្ជាការអ៊ុយក្រែនដល់លោកបៃដិននៅសេតវិមានកាលពីថ្ងៃពុធ