ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធបានអំពាវនាវសុំអោយរបបយោធាមីយ៉ាន់ម៉ាដោះលែងអតីតមេដឹកនាំស៊ីវិល អ៊ុងសាន ស៊ូជី នៅពេលខ្លួនអនុម័តជាលើកដំបូងសេចក្តីសំរេចចិត្តស្តីពីស្ថានការណ៍នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដែលជោគជាំដោយភាពវឹកវរមួយនេះ។
ក្រុមប្រឹក្សាដែលមាន១៥ប្រទេសមានការបែកបាក់គ្នាអំពីបញ្ហាមីយ៉ាន់ម៉ាអស់ពេលរាប់ទសវត្សរ៍និងពីមុនគ្រាន់តែបានយល់ព្រមចេញសេចក្តីថ្លែងការណ៍ផ្លូវការណ៍មួយអំពីប្រទេសដែលបានវិលមកនៅក្រោមការគ្រប់គ្រងយោធាវិញចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ២០២១។
ស៊ូជី អាយុ៧៧ឆ្នាំ ជាអ្នកទោសម្នាក់ ចាប់តាំងពីក្រុមយោធាទម្លាក់រដ្ឋាភិបាលរបស់លោកស្រីនិងការបង្ក្រាបយ៉ាងហិង្សាលើក្រុមប្រឆាំងរដ្ឋប្រហារកាលពីជិតពីរឆ្នាំមុន។
សេចក្តីសំរេចចិត្តកាលពីថ្ងៃពុធ«ទទូចសុំ»របបយោធាអោយ«ដោះលែងជាបន្ទាន់អ្នកទោសដែលត្រូវបានចាប់ឃុំខ្លួនទាំងបំពានតាមអំពើចិត្ត» រួមមានលោកស្រី ស៊ូជីនិងអតីតប្រធានាធិបតី វីន ម្យីន(Win Myint)។វាក៏ទាមទារអោយ«បញ្ចប់ជាបន្ទាន់អំពើហិង្សាគ្រប់ទំរង់»និងស្នើសុំអោយ«គ្រប់ភាគីគោរពសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាននិងនីតិរដ្ឋ»។
ការអនុម័តសេច្តីសំរេចចិត្តនេះកត់សំគាល់ឯកភាពគ្នាមួយនៅក្រុមប្រឹក្សាសន្តិសុខ ដែលកំពុងបែកបាក់ដោយសារសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។
អ្នកនាំពាក្យរបស់អគ្គលេខាអង្គការសហប្រជាជាតិលោកបាននិយាយនៅមុនពេលបោះឆ្នោតថា« ឳកាសណាមួយសំរាប់ក្រុមប្រឹក្សាសន្តិសុខនិយាយចេញក្នុងសម្លេងខ្លាំងនិងឯកភាពគ្នាលើបញ្ហាណាមួយនិងជាពិសេសបញ្ហាមីយ៉ាន់ម៉ា នឹងត្រូវបានការស្វាគមន៍ខ្លាំងណាស់»។
អត្ថបទនៃសេចក្តីសំរេចចិត្តនេះ បានទទួលកាបោះឆ្នោតគាំទ្រ១២សម្លេង ដោយចិន ឥណ្ឌានិងរុស្ស៊ីបោះអនុប្បវាទ ។
ក្រោយការអនុម័ត រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អ៊ែនថូនី ប្លីងកិន បាននិយាយថា សេចក្តីសំរេចចិត្តនេះបាន«បញ្ជូនសាររឹងមាំ»មួយពីពិភពលោកប្រាប់ទៅ«របបយោធាត្រូវតែបញ្ចប់អំពើហិង្សារបស់ខ្លួននៅទូទាំងប្រទេស ហើយដោះលែងអ្នកទោស។តែនៅពេលយើងអបអរសេចក្តីសំរេចចិត្តនេះ ក្រុមប្រឹក្សានៅមានការងារច្រើនទៀតត្រូវធ្វើដើម្បីជំរុញអោយមានសេចក្តីសំរេចចិត្តត្រឹមត្រូវមួយចំពោះវិបត្តិនេះ»។
លោកបានអំពាវនាវអោយមានកិច្ចខិតខំបន្ថែមទៀតដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា៕
សេចក្តីសំរេចចិត្តកាលពីថ្ងៃពុធ«ទទូចសុំ»របបយោធាអោយ«ដោះលែងជាបន្ទាន់អ្នកទោសដែលត្រូវបានចាប់ឃុំខ្លួនទាំងបំពានតាមអំពើចិត្ត» រួមមានលោកស្រី ស៊ូជី(ស្តាំ)និងអតីតប្រធានាធិបតី វីន ម្យីន(ឆ្វេង)