ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សហរដ្ឋអាម៉េរិកបាននិយាយកាលពីថ្ងៃពុធទី២១ធ្នូថា ខ្លួននឹងផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ធុនភែទធ្រៀត( Patriot)ដើម្បីជួយទប់ទល់នឹងការវាយប្រហារតាមអាកាសដោយឥតឈប់ឈររបស់រដ្ឋាភិបាលក្រុងមូស្គូ។
ប្រព័ន្ធនេះគឺជាផ្នែកមួយនៃជំនួយផ្នែកសន្តិសុខចំនួន ១,៨៥ ពាន់លានដុល្លារដែលបានបង្ហាញស្របគ្នាជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលជាការធ្វើដំណើរក្រៅប្រទេសលើកដំបូងរបស់គាត់ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈ។
ការប្រកាសនេះគឺជាជ័យជម្នះដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលក្រុងគៀវ ដែលបានជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនម្តងហើយម្តងទៀតផ្តល់ប្រព័ន្ធ Patriotនិងជាសញ្ញាដ៏រឹងមាំនៃការគាំទ្ររបស់សហរដ្ឋអាម៉េរិកសម្រាប់អ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អ៊ែនថូនី ប្លីងកិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជំនួយថ្ងៃនេះរួមបញ្ចូលប្រព័ន្ធការពារដែនអាកាស Patriot ជាលើកដំបូងដែលមានសមត្ថភាពអាចទម្លាក់មីស៊ីលនាំផ្លូវ មីស៊ីលផ្លោងរយៈចម្ងាយខ្លី និងយន្តហោះនៅកម្ពស់ខ្ពស់ជាងប្រព័ន្ធការពារដែនអាកាសដែលបានផ្តល់ពីមុន”។
កញ្ចប់ជំនួយផ្នែកសន្តិសុខនេះមានបំពាក់រថយន្តទ្រទ្រង់ប្រព័ន្ធ Patriot មួយ ដែលមានមជ្ឈមណ្ឌលបញ្ជា ស្ថានីយរ៉ាដាដើម្បីស្វែងរកការគំរាមកំហែងដែលហោះចូលមកនិងឧបករណ៍ជ្រើងទម្របាញ់មីស៊ីល។កញ្ចប់នេះក៏រួមបញ្ចូលទាំងកាំភ្លើងធំ គ្រាប់រ៉ុក្កែត និងរថក្រោះរាប់ម៉ឺនគ្រាប់ ប្រព័ន្ធកាំភ្លើងត្បាល់ ឧបករណ៍បាញ់គ្រាប់បែកដៃ និង គ្រឿងសឹកជាច្រើនទៀតផងដែរ។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសាទរចំពោះសេចក្តីប្រកាសអំពីប្រព័ន្ធ Patriotនេះ ដោយនិយាយថា ប្រព័ន្ធនេះ “នឹងពង្រឹងការការពារដែនអាកាសរបស់យើងយ៉ាងខ្លាំង”។
លោកបានប្រាប់អ្នកកាសែតតាមរយៈអ្នកបកប្រែក្នុងសន្និសីទកាសែតជាមួយលោកប្រធានាធិបតី ចូ បៃដិន នៅសេតវិមានថា “នេះគឺជាជំហានដ៏សំខាន់មួយដើម្បីបង្កើតលំហអាកាសសុវត្ថិភាពសម្រាប់អ៊ុយក្រែន”។
ខែលការពារដែនអាកាសរបស់អ៊ុយក្រែនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រទេសពីការវាយប្រហារ និងរារាំងកងកម្លាំងរបស់ទីក្រុងមូស្គូពីការគ្រប់គ្រងលើផ្ទៃមេឃ។
ប៉ុន្តែខណៈរុស្ស៊ីប្រឈមមុខនឹងបរាជ័យកាន់តែខ្លាំងឡើង រុស្ស៊ីបានចាប់ផ្ដើមកំណត់គោលដៅជាប្រព័ន្ធលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេសអ៊ុយក្រែនក្នុងការវាយប្រហារនានា ដែលបានរំខានដល់អគ្គិសនី ទឹក និងកម្តៅដល់មនុស្សរាប់លាននាក់៕
ប្រព័ន្ធការពារដែនអាកាស Patriotរបស់អាម៉េរិក