ដោយ: ពៅនិមល/ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ឲ្យដឹងថាៈ ការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានប្រព្រឹត្តទៅយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងទទួលបានផ្លែផ្កា គួរជាទីសោមនស្សរីករាយ។

រូបភាព៖ ហ្វេសប៊ុក

ក្រសួង បានឲ្យដឹងទៀតថាៈ ការចរចារនេះ មានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល២១ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ ដែលដឹកនាំដោយ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាពាណិជ្ជកម្ម សម្រាប់ភាគីកម្ពុជា និងលោក ជូម៉ា អាល់កេត (Juma Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធាន ក្រុមចរចាពាណិជ្ជកម្ម សម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម។

ប្រភពដដែល បានលើកឡើងថាៈ ក្នុងកិច្ចប្រជុំពេញអង្គនេះ ប្រធានក្រុមចរចារបស់ ភាគីទាំងពីរ បានធ្វើការវាយតម្លៃខ្ពស់ លើវឌ្ឍនភាព និងដំណើរការចរចាជុំទី២ នៃកិច្ចព្រមព្រៀងនេះ ដោយឈរលើមាគ៌ាផលប្រយោជន៍រួម និងបំពេញឲ្យគ្នា ទៅវិញទៅមក រួមទាំងអនុលោមតាមបញ្ញត្តិពាណិជ្ជកម្មអន្តរជាតិ។

រូបភាព៖ ហ្វេសប៊ុក

ទន្ទឹមនឹងនោះ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ផងដែរថាៈ កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ នឹងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិ ការទ្វេភាគី ពង្រឹងទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ និងជំរុញការតភ្ជាប់ពីតំបន់ ទៅតំបន់ជាពិសេសគឺរវាងអាស៊ាន និងតំបន់មជ្ឈឹមបូព៌ា ឱ្យកាន់តែល្អប្រសើរថែមទៀត។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាៈ ក្នុងអំឡុងការចរចាជុំទី២នេះ ភាគីទាំងពីរ បានចរចា និងដោះស្រាយរាល់ចំណុច ដែលមិនទាន់មានការឯកភាពគ្នាទាំងស្រុង ដើម្បីឱ្យកិច្ចព្រមព្រៀង មានលក្ខណៈស៊ីជម្រៅ តែគិតគូរទៅមុខវែងឆ្ងាយ និងមានភាព បត់បែនឆ្ពោះទៅរកជំហររួម និងអត្ថប្រយោជន៍រួម។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានបន្តធ្វើឱ្យស៊ីជម្រៅ ទៅលើកិច្ចសហប្រតិបត្តិ លើគ្រប់វិស័យជាសារវ័ន្ត ដូចជា៖ ពាណិជ្ជកម្ម និងវិនិយោគ សេវាកម្ម ទេសចរណ៍ ហិរញ្ញវត្ថុ កសិកម្ម ពាណិជ្ជកម្មឌីជីថល អប់រំ ឧស្សាហកម្ម ថាមពល បច្ចេកវិទ្យា ។ល។ ដែលសុទ្ធសឹងជាធាតុសំខាន់ៗ បម្រើដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។

ជាកិច្ចបញ្ចប់ ប្រធានក្រុមការងារចរចាទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុរួម ដែលជាលទ្ធផលនៃការចរចាជុំទី២នេះ និងបានឯកភាពគ្នាជាគោលការណ៍ ក្នុងការពិនិត្យលទ្ធភាពរៀបចំការចរចាជុំទី៣ ដែលអាមីរ៉ាតអារ៉ាប់រួម នឹងត្រូវធ្វើជា ម្ចាស់ផ្ទះ នាពេលវេលាសមស្រប ក្នុងឆ្នាំ២០២៣ ខាងមុខ៕/V-PC

រូបភាព៖ ហ្វេសប៊ុក

ចំណងជើងរូបភាព៖ ពិធីថតរូបក្រោយប្រធានក្រុមការងារចរចាកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចុះហត្ថលេខាលើកំណត់ហេតុរួមដែលជាលទ្ធផលនៃការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ
រូបភាព៖ ហ្វេសប៊ុក