ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ប៉ុន្មានខែបន្ទាប់ពីទីក្រុងសៀងហៃស៊ូទ្រាំជាមួយនឹងការបិទខ្ទប់យ៉ាងតឹងរ៉ឹងដើម្បីបញ្ឈប់ការរីករាលដាលនៃកូវីដ១៩ឥឡូវមេរោគនេះកំពុងចាប់ផ្តើមឆ្លងរាលដាលដល់មនុស្ស២៥លាននាក់ក្នុងទីក្រុងដ៏ធំមួយនេះដោយគ្មានវិធានការគ្រប់គ្រងតឹងរឹងដូចមុន។
មន្ទីរពេទ្យនានាកំពុងតស៊ូទប់ទល់នឹងជំនន់អ្នកឆ្លងជំងឺ ឱសថស្ថាននានាពុំមានថ្នាំលក់ឱ្យអតិថិជន អាជីវកម្មនានាត្រូវបិទទ្វារដោយសារតែបុគ្គលិកឈឺ សាលារៀនភាគច្រើនបានបិទហើយការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈបានធ្លាក់ចុះ។
នៅមន្ទីរពេទ្យតុងរេន (Tongren)ជាមន្ទីរពេទ្យសាធារណៈដ៏ធំបំផុតរបស់ទីក្រុងសៀងហៃក្រុមគ្រូពេទ្យនៅក្នុងអង្គភាពសង្គ្រោះបន្ទាន់កំពុងប្រើប្រាស់ច្រកចូលអគារដើម្បីដោះស្រាយជំនន់អ្នកជំងឺធ្ងន់ធ្ងរកាលពីថ្ងៃពុធទី២១ធ្នូ។
នៅខាងក្រៅគ្លីនិកព្យាបាលគ្រុនក្តៅមួយ មនុស្សឈឺជាច្រើននាក់ត្រូវស៊ូទ្រាំរង់ចាំទិញថ្នាំទាំងត្រជាក់ញ័រញាក់។ ឱសថស្ថានជាច្រើននៅជិតមន្ទីរពេទ្យមិនអនុញ្ញាតឱ្យមនុស្សចូលទិញថ្នាំទៀតទេដោយនិយាយថា ពួកគេបានអស់ថ្នាំផ្តាសាយនិងគ្រុនក្តៅហើយ។
បុគ្គលិកថែទាំសុខភាពបានពណ៌នាអំពីស្ថានភាពកាន់តែធ្ងន់ធ្ងរនៃអ្នកជំងឺនិងបុគ្គលិកជាច្រើនធ្លាក់ខ្លួនឈឺ។ ករណីឆ្លងក៏បានកើនឡើងផងដែរបន្ទាប់ពីទីក្រុងនេះបានបញ្ឈប់ការតម្រូវឱ្យមនុស្សបង្ហាញលទ្ធផលតេស្តិ៍ PCR អវិជ្ជមានមុនពេលចូលមន្ទីរពេទ្យ។
ដានីយ៉ែល ជាបុគ្គលិកពេទ្យនៅមន្ទីរពេទ្យសាធារណៈនេះ បាននិយាយថា ទីក្រុងមិនបានត្រៀមខ្លួនល្អទេសម្រាប់សេណារីយ៉ូធ្ងន់ធ្ងរបែបនេះ។
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យឯកជនមួយក្នុងទីក្រុងសៀងហៃ ដែលបានប្រាប់សារព័ត៌មានBloomberg Newsកាលពីមួយសប្តាហ៍មុនថាអ្វីៗមានភាពស្ងប់ស្ងាត់នោះ បាននិយាយថាទស្សនវិស័យកាន់តែអាក្រក់ទៅៗ។ លោកបាននិយាយថា “ទីក្រុងសៀងហៃកំពុងចាប់ផ្តើមមើលទៅដូចទីក្រុងប៉េកាំងយ៉ាងខ្លាំងទាក់ទងនឹងករណីឆ្លង”។
រដ្ឋធានីរបស់ចិនបានរងការវាយប្រហារខ្លាំងដំបូងគេ ខណៈចិនបានងាកចេញភ្លាមៗពីគោលនយោបាយកូវីដសូន្យដ៏តឹងរ៉ឹងរបស់ខ្លួនដើម្បីអនុញ្ញាតឱ្យមនុស្សដើរហើរសេរីដោយមិនចាំបាច់ពិនិត្យមើលមេរោគ ក្រោយផ្ទុះការប្រឆាំងតវ៉ានឹងការអនុវត្តវិធាការគ្រប់គ្រងកូវីដដ៏តឹងតែង៕
អ្នកជំងឺធ្ងន់កំពុងចាល់តាមមន្ទីរពេទ្យនានានៅសៀងហៃ
អាជីវកម្មនានាត្រូវបិទទ្វារដោយសារតែបុគ្គលិកឈឺ សាលារៀនភាគច្រើនបានបិទហើយការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈបានធ្លាក់ចុះ