ដោយៈ ឫទ្ធិស័ក្តិ / ភ្នំពេញៈ សំណុំរឿងបង្កៃគ្រាប់បែកគ្រាប់បែក នៅចំណុចមុខ សណ្ឋាគារណាហ្គា២ តំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរ ជនសង្ស័យ ចំនួនពីរនាក់ ពីបទបោះបង់អាវុធ ក្នុងនៅទីសាធារណៈ តាមមាត្រា ៤៩១ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការបញ្ជាក់របស់លោក ប្លង់ សុផល អ្នកនាំពាក្យ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ។

សមត្ថកិច្ច បានបញ្ជូនខ្លួនជនជាតិចិន ចំនួន ពីរនាក់ (ប្រុស ១នាក់ ស្រី ១នាក់) ពាក់ព័ន្ធករណីបង្កៃគ្រាប់បែក នៅចំណុចមុខសណ្ឋាគារណាហ្គា២ ស្ថិតនៅផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅសាលា ដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ ការបញ្ជូនទៅ តុលាការនេះ គឺបន្ទាប់ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ចប់ ការសាកសួរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ថ្លែងប្រាប់រស្មីកម្ពុជា។

ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅចំណុចផ្ទះលេខ១៩ បូរីប៉េងហួត បឹងស្នោរ ផ្លូវM-០២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីលល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថាៈ “ជនសង្ស័យចំនួន ២នាក់ ក្នុងចំណោម ៥នាក់ ត្រូវបានបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ ជនសង្ស័យទាំងពីរនាក់ មានដូចជា៖ ១. ឈ្មោះ YANG JIAKANG ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន (ម្ចាស់រថយន្ត LANG ROVER DEFENDER ពណ៌ស្លែ សេរី២០២១ ពាក់ផ្លាកលេខ កម្ពុជា-LC.9888) និងទី២. ឈ្មោះ TU LINAN ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិចិន” ។

សូមជម្រាបថា កាលពីព្រឹកព្រលឹម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ស្ត្រីអ្នកបោសសំរាមម្នាក់ បានប្រទះឃើញគ្រាប់បែក មួយគ្រាប់ នៅមុខសណ្ឋាគារណាហ្គា២ ផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការ ជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវ តាមរយៈកាមេរ៉ាសុវត្ថិភាព នៅក្បែរកន្លែងកើតហេតុ រហូតឈានដល់ឃាត់ខ្លូន ជនសង្ស័យចំនួន ៥ នាក់ (ជនជាតិចិន ៤នាក់ “ប្រុស ៣នាក់ និងស្រី ១នាក់)” និងស្ត្រីខ្មែរ ១នាក់ រួមទាំងរថយន្តរថយន្ត ១គ្រឿងម៉ាក LANG ROVER DEFENDER ពណ៌ស្លែ សេរី២០២១ ពាក់ផ្លាកលេខ កម្ពុជា-LC.9888 នៅចំណុចផ្ទះលេខ១៩ បូរីប៉េងហួត បឹងស្នោរ ផ្លូវM-០២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ៕/V/R