ដោយៈ ប.ខុន / ភ្នំពេញៈ ខ្យល់បក់បោកខ្លាំង នៅបន្តកើតមាន រហូតដល់ថ្ងៃទី២៦ ខែធ្នូ ទើបចុះខ្សោយបន្តិចទៅវិញ។ ចំពោះសីតុណ្ហភាពវិញ ចាប់ផ្តើមឡើងបន្តិចមកវិញ សម្រាប់បណ្តាខេត្ត នៅប៉ែកខាងត្បូង ខេត្តកំពង់ធំ ចុះទៅត្បូង តែសម្រាប់តំបន់ជួរភ្នំ ខ្ពង់រាបខាងជើង ខ្ពង់រាបភាគឦសាន វាលវែង និងទំនាបកណ្តាលភាគពាយព្យ ធាតុអាកាស នៅតែត្រជាក់ខ្លាំង ហើយស្ថានភាពត្រជាក់រងារបែបនេះ បន្តកើតមាន រហូតដល់ដំណាច់ខែធ្នូ ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ថាៈ ស្ថានភាពខ្យល់ នៅតែ បន្តបក់បោកខ្លាំង រហូតថ្ងៃទី២៦ ខែធ្នូ ទើបចុះខ្សោយបន្តិចទៅវិញ។ ខ្យល់មានល្បឿន ជាមធ្យមពី ១៧ ទៅ ១៨ ម៉ែត្រ ក្នុងមួយវិនាទី ហើយខ្យល់ខ្លាំង ភាគច្រើន កើតមាន នៅពេលព្រឹក ដល់ពេលរសៀល ចុះខ្សោយបន្តិចទៅវិញ។

អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ខ្យល់បក់បោកខ្លាំង ជាពិសេសនៅលើលំហសមុទ្រ។ ចាប់ពីថ្ងៃទី២៦ខែធ្នូ ខ្យល់ខ្សោយបន្តិចទៅវិញ ដោយ សារមានសម្ពាធមួយ ដើរចូលក្នុងសមុទ្រចិនខាងត្បូង តែមិនបង្កឱ្យមានភ្លៀងទេ។

ចំពោះសីតុណ្ហភាពវិញ ចាប់ផ្តើមឡើងបន្តិចមកវិញ សម្រាប់បណ្តាខេត្ត នៅប៉ែកខាង ត្បូង ខេត្តកំពង់ធំ ចុះទៅត្បូង តែសម្រាប់តំបន់ជួរភ្នំ ខ្ពង់រាបខាងជើង ខ្ពង់រាបភាគឦសាន វាលវែង និងទំនាបកណ្តាលភាគពាយព្យ ធាតុអាកាស នៅតែត្រជាក់ខ្លាំង សីតុណ្ហភាពអប្បបរមា អាចនៅមានក្នុងរង្វង់ពី ១៦ ទៅ ១៧ អង្សាសេ ហើយ ស្ថានភាពត្រជាក់រងារបែបនេះ បន្តកើតមានរហូតដល់ដំណាច់ខែធ្នូ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែធ្នូថាៈ ប្រទេសកម្ពុជា បន្តទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន និងខ្យល់មូសុង ឦសាន ក្នុងកម្រិតមធ្យម ។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើ ធ្វើឲ្យតំបន់វាល ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ១៩ ទៅ ២០ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ។ អាកាសធាតុ ចុះត្រជាក់ក្នុងកម្រិតបង្គួរ ។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា មានពី ១៦ ទៅ ១៨ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៨ ទៅ ៣០ អង្សាសេ។ អាកាសធាតុ ចុះត្រជាក់ ក្នុងកម្រិតបង្គួរ ។ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាព អប្បបរមា មានក្នុងរង្វង់ ១៧ទៅ១៨អង្សាសេ។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ១៩ ទៅ ២១ អង្សាសេ។ សីតុណ្ហភាព អតិបរមា មានពី ២៩ ទៅ ៣១ ។ អាកាសធាតុ ចុះត្រជាក់ក្នុង កម្រិតមធ្យម ។

អាស្រ័យដូចបានជម្រាបជូន ខាងលើ សូមសាធារណជន ទទួលជ្រាបជាព័ត៌មាន និង យកចិត្តទុកដាក់ ថែរក្សាសុខភាព ចំពោះស្ថានភាពធាតុអាកាស ដែលនៅបន្ត ចុះត្រជាក់៕/V/R