ដោយៈ ទេព មង្គល / ភ្នំពេញៈ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ តទៅ មន្ត្រីពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច ថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយ ដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២២ នៅតាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី-ខេត្ត ។

នៅក្នុងសេចក្តីជូនដំណឹង ចុះនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២នេះ ស្តីពីការចុះត្រួតពិនិត្យ ការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ មានកិត្តិយសសូមជម្រាបជូនម្ចាស់យានយន្តទាំងអស់ មេត្តាជ្រាបថា អនុលោមតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងចំណារឯកភាពរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ លើលិខិតលេខ ១០៧៦៥ សហវ.អពដ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារចម្រុះរាជធានី-ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទ ប្រចាំឆ្នាំ២០២២ នៅតាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ តទៅ ។

ក្នុងករណីម្ចាស់យានយន្ត ខកខានមិនបានប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២២ កន្លងទៅ សូមមេត្តារួសរាន់អញ្ជើញទៅ ប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យ តាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ ឬនៅធនាគារ អេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ឬនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារ ស្ថាបនា ភីអិលស៊ី ឬនៅធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឬនៅធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ឬនៅធនាគារ ពាណិជ្ជកម្ម ក្រៅប្រទេស នៃកម្ពុជា ឬអាចបង់តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្ត ដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយ ដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ កន្លងមក។

ទទួលបានសេចក្ដីជូនដំណឹងនេះ អគ្គនាយកដ្ឋានពន្ធដារសង្ឃឹម និងជឿជាក់យ៉ាង មុតមាំថា ម្ចាស់យានយន្តទាំងអស់ នឹងយកចិត្តទុកដាក់ គោរពកាតព្វកិច្ចសារពើពន្ធ និងរួសរាន់ អញ្ជើញទៅប្រកាសបង់ពន្ធ បានគ្រប់ៗគ្នា និងបានទាន់ពេលវេលា ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីចៀសវាងនូវក្រុមការងារចម្រុះ រួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ធ្វើការឃាត់យានយន្ត តាមដងផ្លូវ តម្រូវឱ្យបង់ ប្រាក់ពន្ធ ដែលនាំឱ្យខកខានពេលវេលា និងកកស្ទះ ចរាចរណ៍ធ្វើដំណើរ ដែលអាចកើត មាននូវបាតុភាពអសកម្ម ដោយប្រការណាមួយ ជាយថាហេតុ ៕ V / N