ដោយ:ទេពកង្រី/កំពង់ឆ្នាំង :នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២នេះ លោកអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី ៤ ឆ្នាំ២០២២ និងឆ្លុះបញ្ចាំងអំពីការអនុវត្តជាក់ស្តែងនៅសហគមន៍ និងកិច្ចគាំពារសង្គមដើម្បីបញ្ចប់ភាពក្រីក្រខេត្តកំពង់ឆ្នាំង និងខេត្តព្រះវិហារ ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសណ្ឋាគារសុខាញូវញ៉ក ដោយមានការអញ្ជើញចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត តំណាងអង្គការទស្សនៈពិភពលោក និងសមាជិក សមាជិកាមកពីស្រុកគោលដៅនៃខេត្តកំពង់ឆ្នាំងនិងព្រះវិហារ ។

មានប្រសាសន៍បើកអង្គប្រជុំក្នុងឱកាសនោះ លោក អម សុភា បានថ្លែងអំណរគុណដល់អង្គការទស្សនៈពិភពលោកអន្តរជាតិដែលបានអនុវត្តគម្រោងតាមផែនការដែលបានគ្រោងទុកនិងបានចូលរួមចំណែកជាមួយរដ្ឋាភិបាល ធ្វើការបំរើប្រជាជន ពិសេសគ្រួសារក្រីក្រ និងកុមាររងគ្រោះដើម្បីកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៦នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកអភិបាលរងខេត្តបានបន្តថាអង្គការក្រៅរដ្ឋាភិបាលគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ដែលត្រូវទទួលបានការជួយធ្វើការគាំទ្រពីរដ្ឋបាលថ្នាក់ក្រោមជាតិជាអ្នកគាំទ្រ ថ្មីៗនេះរាជរដ្ធាភិបាលបានដាក់ចេញនូវច្បាប់ស្តីពីសហគម និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីបង្កើតបរិយាកាសនៃភាពជាដៃគូប្រកបដោយសុខុដុមនីយកម្មដែលជម្រុញអោយមានភាពជាដៃគូរ ប្រកបដោយបរិយាបន្នជាមួយបណ្តាតួអង្គអភិវឌ្ឍដើម្បីគៀងគរធនធានហិរញ្ញប្បទាន ពីប្រភពយកមកចាត់ចែងប្រើប្រាស់សម្រេចអោយបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ដោយឈរលើគោលការណ៍ភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំល្អដែលមានការទទួលខុសត្រូវខ្ពស់។

អភិបាលរងខេត្តស្នើដល់សមាជិក សមាជិកានៃអង្គប្រជុំថា ដើម្បីរក្សាបាននូវនិរន្តភាព និងធានាបាននូវការសម្រេចគោលដៅគម្រោងជាប្រយោជន៍ជួយដល់ប្រជាជនក្រីក្រអោយបានចាកចេញផុតពីភាពក្រីក្រ អាស្រ័យលើការសហការល្អ ការធ្វើផែនការរួមគ្នានឹងការចូលរួមអនុវត្តនិងលើកទឹកចិត្តនិងការប្រឹក្សាយោបល់ជាប្រចាំរក្សាបរិយាកាសនៃការយោគយល់ អធ្យាស្រ័យនិងអោយតម្លៃគ្នាទៅវិញទៅមក ៕ N