ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០២២ នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចី និង ជំនួយ ឥតសំណង សម្រាប់គម្រោងចំនួនប្រាំមួយ ដែលមានតម្លៃសរុប ៣៦១,៤ លានដុល្លារ ដែលនាំឲ្យប្រាក់កម្ចីនិងជំនួយឥតសំណងដែលកម្ពុជានិងស្ថាប័នហិរញ្ញវត្ថុអាស៊ីនេះបានចុះកិច្ចព្រមព្រៀងក្នុងឆ្នាំ២០២២មានទឹកប្រាក់ដល់ទៅ៥៧៦,៣ លានដុល្លារ ដែលក្នុងនោះ ១៦៣,៧ លានដុល្លារជាសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជា និង នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី យុតសាណា វ៉ាម៉ា (Jyotsana Varma) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅក្នុងពិធីផ្លូវការមួយនៅរាជធានីភ្នំពេញ។
លោកស្រី មានប្រសាសន៍ថា «គម្រោងទាំងប្រាំមួយដែលបានចុះហត្ថលេខាថ្ងៃនេះ នឹងគាំទ្រដល់អាទិភាពនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ គម្រោងទាំងនេះនឹងគាំទ្រប្រព័ន្ធសុខាភិបាល និងការអប់រំរបស់កម្ពុជាក្នុងការពង្រឹងធនធានមនុស្ស ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈដំណោះស្រាយកាត់បន្ថយ និងបន្សាំ ព្រមទាំងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។»
គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការអប់រំមធ្យមសិក្សាទុតិយភូមិ ដែលមានទឹកប្រាក់៧០ លានដុល្លារ នឹងជួយកម្ពុជាអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យ STEM ខណៈដែលប្រទេសប្រាថ្នាចង់ប្រែក្លាយខ្លួនទៅជាសេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យា ជាមួយនិងចំណេះ ដឹងជាមូលដ្ឋាន។ គម្រោងនេះមានគោលបំណងបង្កើនប្រសិទ្ធភាពការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ និង សំដៅជំរុញឱ្យមានការចុះឈ្មោះចូលរៀនខ្ពស់នៅក្នុងសាលាជំនាន់ថ្មី ជាពិសេសក្នុងចំណោមកុមារី។
គម្រោងសុខភាពតំបន់ព្រំដែននៃមហាអនុតំបន់មេគង្គ(GMS)កម្ពុជា ដែលមានទឹកប្រាក់ ៣២,៥ លានដុល្លារ នឹងពង្រីកសេវាសុខភាពឱ្យបានដល់ពលករចំណាកស្រុកជាច្រើនពាន់នាក់ដែលងាយរងគ្រោះ នឹងហានិភ័យសុខភាពទូទៅ និងសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។ ហើយគម្រោងនេះក៏នឹងធ្វើ ការសាកល្បងគម្រោងធានារ៉ាប់រងសុខភាពដែលមានតម្លៃទាប សម្រាប់ពលករចំណាកស្រុក និង ពង្រឹង ការប្រើប្រាស់សេវាសុខាភិបាលក្នុងចំណោមអ្នកជំងឺដែលមិនត្រូវសម្រាកពេទ្យ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែតផងដែរ។
កម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពលដែលមានទឹកប្រាក់ ៧៣ លានដុល្លារមានរួមបញ្ចូលនូវកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដែលនឹងគាំទ្រគ្នាទៅវិញទៅមកដើម្បីបង្កើនផលចំណេញ និងត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគពីវិស័យសាធារណៈនិងឯកជនក្នុងបច្ចេកវិទ្យាថ្មីសំខាន់ៗដូចជាប្រសិទ្ធភាពថាមពលនិងថ្មផ្ទុក។ កម្មវិធីនេះក៏នឹងកំណត់គោលដៅថាមពលស្អាតសម្រាប់ប្រទេស និងរួមបញ្ចូលផែនការអភិវឌ្ឍន៍ថាមពលនិងប្រើប្រាស់ថាមពលប្រសើរជាងមុនទៅក្នុងវិស័យនានា រួមទាំងហេដ្ឋារចនាសម្ព័ន្ធចម្បងៗដែលធន់នឹងអាកាសធាតុផងដែរ។
កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងដែលមានទឹកប្រាក់ ៥០ លានដុល្លារនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតនៅកម្ពុជា ដើម្បីធ្វើកំណែទម្រង់ការវិនិយោគ និងបរិយាកាសធុរកិច្ច ជំរុញកំណើនសហគ្រាសខ្នាតតូច និងមធ្យម និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។ កម្មវិធីនេះនឹងគាំទ្រសហគ្រាសខ្នាតតូច និងមធ្យមថ្មីចំនួន ៥0.000 ដើម្បីចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។
គម្រោងកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃបសុសត្វឆ្លងព្រំដែនក្នុងមហាអនុតំបន់មេគង្គ(GMS)ដែលមានទឹកប្រាក់ ៦២,៩ លានដុល្លារ នឹងជួយលើកកម្ពស់ផលិតកម្មបសុសត្វប្រកបដោយអាកាសធាតុ ឆ្លាតវៃ និង កែលម្អនិរន្តរភាពខ្សែសង្វាក់តម្លៃបសុសត្វ។ គម្រោងនេះមានគោលដៅបង្កើនពាណិជ្ជកម្ម ផ្លូវការក្នុងតំបន់សម្រាប់ផលិតផលបសុសត្វនិងបសុសត្វ ជាមួយប្រទេសជិតខាង។
គម្រោងជលផលឆ្នេរនិងសមុទ្រប្រកបដោយនិរន្តរភាពដែលមានទឹកប្រាក់ ៧៣ លានដុល្លារសំដៅលើខេត្តជាប់មាត់សមុទ្រចំនួន៤ក្នុងប្រទេសកម្ពុជា ដើម្បីទប់ទល់នឹងការធ្លាក់ចុះយ៉ាងគំហុក នៃវិស័យជលផល លើកកម្ពស់ការចិញ្ចឹមជលផលសមុទ្រប្រកបដោយនិរន្តរភាព និងកែលម្អទីតាំងប្រមូលទុកផល នេសាទ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពអាហារសមុទ្រ។ គម្រោងនេះត្រូវបានគេរំពឹងថានឹងបង្កើតឡើងវិញនូវជលផលក្បែរឆ្នេរសមុទ្រប្រមាណ ៤0% ទៅជាសហគ្រាសប្រកបដោយផលិតភាព និង និរន្តរភាព និងបង្កើនប្រាក់ចំណូលសម្រាប់សមាជិកសហគមន៍ឆ្នេរសមុទ្រប្រហែល ២00.000 នាក់៕.mara