ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ស្តេចត្រាញ់គ្រឿងញៀន ដែលគេតាមចាប់ខ្លួនបំផុតនៅអាស៊ី ត្រូវបានធ្វើបត្យាប័នទៅអូស្ត្រាលីជាកន្លែងដែលរូបគេប្រឈមមុខនឹងការចោទប្រកាន់និងការជាប់ពន្ធនាគារអស់មួយជីវិត។
សែ ឈី ឡប់ (Tse Chi Lop) ត្រូវបានចោទប្រកាន់ពីបទដឹកនាំប្រតិបត្តិការគ្រឿងញៀនតម្លៃរាប់ពាន់លានដុល្លារលើប្រទេសមួយចំនួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រាប់ចាប់ពីជប៉ុនរហូតដល់នូវែលសេឡង់។
មានឈ្មោះល្បីនៅអាស៊ីរហូតដល់ថ្នាក់គេប្រៀបធៀបជាយូរមកហើយទៅនឹងស្តេចត្រាញ់គ្រឿងញៀនម៉ិកស៊ិក អែល ឆាប៉ូ (El Chapo)រូបគេត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានហូឡង់កាលពីឆ្នាំមុនដោយប៉ូលិសអន្តរជាតិ (Interpol)។
បន្ទាប់ពីការតស៊ូផ្លូវច្បាប់ជិតពីរឆ្នាំ ទីបំផុតរូបគេត្រូវបានធ្វើបត្យាប័ននៅថ្ងៃព្រហស្បតិ៍ទី២២ធ្នូនេះ។
ប៉ូលិសអូស្ត្រាលីបានបញ្ចេញរូបភាពមន្ត្រីប្រដាប់អាវុធនាំរូបគេចុះពីយន្តហោះនៅអាកាសយានដ្ឋានមែលប៊នដោយដៃជាប់ខ្នោះ។ រូបគេនឹងត្រូវប្រឈមមុខនឹងតុលាការក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍នេះ។
បុរសអាយុ ៥៩ ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ថាជាប្រធានក្រុមជួញដូរគ្រឿងញៀនដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានតម្លៃរាប់ពាន់លានដុល្លារ។
ក្រុមជួញដូរគ្រឿងញៀន ដែលគេស្គាល់ថា Sam Gor Syndicate បានគ្រប់គ្រងទីផ្សារគ្រឿងញៀនខុសច្បាប់នៅទូទាំងទ្វីបអាស៊ី។ ប៉ូលិសអូស្ត្រាលីបានប៉ាន់ស្មានថា ក្រុមនេះមានទំនួលខុសត្រូវដល់ទៅ ៧០ ភាគរយនៃគ្រឿងញៀនដែលហូរចូលអូស្ត្រាលីតែឯង។
ប៉ូលិសនិយាយថា ក្រុមនេះបានរត់ពន្ធគ្រឿងញៀនក្នុងបរិមាណដ៏ច្រើន ជាពិសេសមេតំហ្វេតាមីន ហេរ៉ូអ៊ីន និងកេតាមីន ចូលប្រទេសបន្លំក្នុងកញ្ចប់តែ។
ទំហំនៃក្រុមជួយដូរគ្រឿងញឿនរបស់គេគឺជាមូលហេតុដែលរូបគេត្រូវបានប្រៀបធៀបទៅនឹងស្តេចត្រាញ់គ្រឿងញៀនម៉ិកស៊ិក ចាវគីម “អែល ឆាប៉ូ” គូស្មាន់ (Joaquin “El Chapo” Guzman)៕
សែ ឈី ឡប់ ត្រូវបានបញ្ជូនដល់អូស្ត្រាលីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ