ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ តារាចម្រៀងប៉ុប ចាស្ទីន ប៊ីបឺ (Justin Bieber)ជិតឈានដល់កិច្ចព្រមព្រៀងតម្លៃប្រហែល ២០០លានដុល្លារអាម៉េរិកដើម្បីលក់សិទ្ធិតន្ត្រីរបស់គាត់ឱ្យទៅក្រុមហ៊ុន Blackstone Inc-backed Hipgnosis Songs Capital នេះបើយោងតាមកាសែត Wall Street Journal រាយការណ៍កាលពីថ្ងៃពុធ ទី២១ធ្នូដោយដកស្រង់សម្តីមនុស្សដែលដឹងពីបញ្ហានេះ។
កិច្ចព្រមព្រៀងដ៏មានសក្តានុពលនេះរួមមានទាំងផលប្រយោជន៍របស់តារាចម្រៀងកាណាដារូបនេះក្នុងការចេញផ្សាយនិងថតកាតាឡុកតន្ត្រីរបស់គាត់ផងដែរ នេះបើយោងតាមរបាយការណ៍។
ក្រុមហ៊ុន Hipgnosis ទិញកាតាឡុកបទចម្រៀងពីតារាជាច្រើន និងទទួលបានប្រាក់ចំណូល នៅពេលដែលតន្ត្រីរបស់ពួកគេត្រូវបានចាក់ផ្សាយតាមអ៊ីនធឺណិត ឬប្រើប្រាស់ក្នុងភាពយន្តឬការផ្សាយពាណិជ្ជកម្ម។
ប៊ីបឺទទួលបានភាពល្បីល្បាញនៅពេលគាត់មានអាយុ ១៣ ឆ្នាំបន្ទាប់ពីភាពជោគជ័យនៃបទចម្រៀង Baby ។ តារាចម្រៀងប៉ុបរូបនេះបានលាតត្រដាងកាលពីខែមិថុនាថាគាត់មានជំងឺ Ramsay Hunt Syndrome ដែលធ្វើឱ្យមុខមួយចំហៀងខ្វិន ដោយបង្ខំឱ្យគាត់លុបចោលការសម្ដែងជាច្រើន៕
ប៊ីបឺជិតកើបលុយ២០០លានដុល្លារពីការលក់បទចម្រៀងឱ្យទៅក្រុមហ៊ុន Hipgnosis