ដោយ: បញ្ញាសាស្រ្ត/ ភ្នំពេញ៖ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ បានប្រកាសបិទជាផ្លូវការថ្មីៗនេះ និងបានរកឃើញ អ្នក ដឹកនាំ រឿង ខ្លី វ័យក្មេងឆ្នើម ៗ ទទួលបានពានរង្វាន់ពីមហោស្រព។

មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាឆ្នាំ២០២២ នេះត្រូវបានរៀបចំឡើងតាំងពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែលមានស្នាដៃភាពយន្តខ្នាតខ្លីចំនួន៣៥ចំណងជើងបានដាក់ចូលរួមប្រកួតប្រជែង ព្រមទាំងចាក់បញ្ចាំងជូនសាធារណជនទស្សនាដោយសេរីនៅរោងភាពយន្តចំនួន៨ ក្នុងរាជធានីភ្នំពេញ។

គណៈមេប្រយោគវគ្គផ្តាច់ព្រ័ត្រចំនួន៧រូបបានពិនិត្យវាយតម្លៃស្នាដៃភាពយន្តខ្លីលេចធ្លោទាំង ៦ស្នាដៃចុងក្រោយ ដើម្បីជ្រើសរើសផ្តល់ពានរង្វាន់ប្រចាំមហោស្រព និងពានរង្វាន់លើកទឹកចិត្ត។ ក្នុងនោះរួមមានស្នាដៃភាពយន្តខ្លីដែលមានចំណងជើង «ជីវិតស្នេហ៍សុខសាន្ត» «សំឡេងរាត្រី» «The keyboard» «ក្ដីស្រឡាញ់ដែលអ្នកផ្ដល់ឱ្យ» «បាត់បង់ខ្លួនឯង» និងរឿង «មុនពេលបាត់»។

សម្រាប់ឆ្នាំ ២០២២នេះ ពានរង្វាន់មាស គឺបានទៅលើអ្នកដឹកនាំរឿងវ័យក្មេង សុធា អ៊ីណេស ភាពយន្តខ្លី «ជីវិតស្នេហ៍សុខសាន្ត» ពានរង្វាន់ប្រាក់ប្រគល់ឱ្យលោក សាង ច័ន្ទវិសាល តាមរយៈភាពយន្ត «ក្ដីស្រឡាញ់ដែលអ្នកផ្ដល់ឱ្យ» និង ពានរង្វាន់សំរិទ្ធ ត្រូវបានឈ្នះដោយលោក ជ័យ វិសាល តាមរយៈភាពយន្ត «The keyboard» ។ ក្រៅពីនេះក៏មានផលិតករវ័យក្មេងជាច្រើនរូបទៀតបានទទួលពានរង្វាន់ពិសេសពីគណៈកម្មការ និងការផលិតមាតិកាល្អបំផុត។

សូមជម្រាបផងដែរថា ចំពោះជយលាភីលេខ១ ទទួលបានពានមាសមួយអមដោយថវិកា ១២លានរៀល ជយលាភីលេខ២ទទួលបានពានប្រាក់មួយអមដោយថវិកា ៨លានរៀល និងលេខ៣ទទួលបានពានសំរឹទ្ធមួយ ថវិកា ៤លានរៀល។ ក្រៅពីនេះ ក៏មានពានរង្វាន់លើកទឹកចិត្តចំនួន ៥ ផ្សេងទៀតផងដែរ៕/PC