ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានធ្វើការ បដិសេធ និងថ្កោលទោសចំពោះ ទង្វើអសីលធម៌ គ្មានវិចារណញ្ញាណ ដែលបានប្រព្រឹត្ត ហួសព្រំដែន នៃសិទ្ធិបញ្ចេញមតិរបស់បុគ្គល នី ណាក់ ដែលបានចោទប្រកាន់ ប្រមាថដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងម្លាំងនគរបាលជាតិ។ ការចុះផ្សាយព័ត៌មានមិនពិត របស់ម្ចាស់ផេកហ្វេកប៊ុក IMan-KH របស់ឈ្មោះ នី ណាក់ ដែលបានបង្ហោះសារផ្សព្ធផ្សាយព័ត៌មានប្រឌិត មានចរិកមូលបង្កាច់ បរិហាកេរ្តិ៍ ដោយបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់កងម្លាំងនគរបាលជាតិ ពាក់ព័ន្ធដល់ការបង្ក្រាប និងការចាប់យកសារធាតុញៀន ជាពិសេសបានចោទប្រកាន់ ទាំងបំពានមកលើកងម្លាំងនគរបាលជាតិ ជាចោរដ៏សាហាវ និងជាមេខ្លោងធំ នៃអំពើជួញដូរគ្រឿងញៀន ទៀតផង។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

អ្នកនាំពាក្យ បានសង្កត់ធ្ងន់ថា ខ្លឹមសារដែលបានបង្ហោះផ្សព្វផ្សាយ ខាងលើនេះ បានបង្ហាញឱ្យឃើញ យ៉ាងច្បាស់ថា ម្ចាស់គេហរទំព័រ ហ្វេសប៊ុក IMan-KH របស់ឈ្មោះ នី ណាក់ មានចេតនាយ៉ាងពិតប្រាកដ ក្នុងការវាយប្រហារ បំផ្លាញកិត្យានុភាព កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ ក្នុងគោលដៅលាបពណ៌ ញុះញង់ ធ្វើឱ្យសាធារណជន មានការភ័ន្តច្រឡំ អស់ជំនឿ បាត់បង់ភាពកក់ក្តៅ និងរើសអើងចំពោះ កងកម្លាំងនគរបាលជាតិ។

អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការឆ្លើយតបដូចតទៅ ៖ ១- សារធាតុញៀន ដែលចាប់យកបានក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន សុទ្ធតែបានធ្វើកោសល្យវិច្ច័យបច្ចេកទេស រក្សាទុកយ៉ាងត្រឹមត្រូវ ដើម្បីដាក់បន្ទុក និងផ្តន្ទាទោសជនល្មើសតាមច្បាប់។

២- ការដុតបំផ្លាញសារធាតុញៀន ត្រូវបានអនុវត្តទៅតាមនីតិវិធី ដោយមានសេចក្តី សម្រេច សាលក្រម សាលដីកា របស់តុលាការ និងមានក្រុមងារមកពីអជ្ញាធរមាន សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ដែលមានព្ររាជអាជ្ញារាជាធានី-ខេត្ត ជាប្រធាន។ មិនត្រឹមតែប៉ុណ្ណោះ មុនពេលដុតបំផ្លាញ ត្រូវមានគណៈកម្មការចម្រុះ ត្រួតពិនិត្យ ការដឹកជញ្ជូន និងការដុតបំផ្លាញយ៉ាងហ្មត់ចត់ រហូតដល់ចប់សព្ធគ្រប់ ដោយគ្មាន ជនណាម្នាក់ អាចលួចលាក់យកគ្រឿងញៀន ទាំងនោះបានឡើយ។ ការដុតបំផ្លាញ សារធាតុញៀន ត្រូវបានអនុវត្តរៀងរាល់ឆ្នាំ ក្នុងពិធីប្រារព្ធទិវាអន្តជាតិប្រឆាំងគ្រឿង ញៀន ដោយបានធ្វើការផ្សព្ធផ្សាយយ៉ាងទូលំទូលាយតាមគ្រប់ប្រព័ន្ធព័ត៌មានទៀតផង។

៣- ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ​បានយកចិត្តទុក ដាក់ខ្ពស់ ក្នុងការគ្រប់គ្រង ដឹកនាំនគរបាលជាតិ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ លើកសរសើរជូនរង្វាន់ ចំពោះបុគ្គលមានស្នាដៃ និងដាក់ទោស ចំពោះមន្ត្រីអសកម្ម ល្មើសវិន័យ និងល្មើសច្បាប់ ដោយមិនទុកឲ្យមន្ត្រីណាម្នាក់ ប្រព្រឹត្តល្មើសច្បាប់បានឡើយ។

ជាមួយគ្នានេះ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការបដិសេធ និងថ្កោលទោស ចំពោះទង្វើអសីលធម៌ គ្មានវិចារណញ្ញាណ ដែលបានប្រព្រឹត្តហួស ព្រំដែននៃសិទ្ធិបញ្ចេញមតិរបស់បុគ្គល នី ណាក់ និងតម្រូវឲ្យបុគ្គលរូបនេះ ធ្វើការសុំ ទោស ជាសាធារៈនូវរាល់កំហុសឆ្គង ដែលបានចោទប្រកាន់ ប្រមាថដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ កងម្លាំងនគរបាលជាតិ។ ក្នុងនាមកងកម្លាំងអនុវត្តច្បាប់ នឹងប្រើប្រាស់គ្រប់វិធានការ ស្របតាមច្បាប់ ប្រឆាំងនូវរាល់ទង្វើ ទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាព និងកិត្តិយស របស់កងកម្លាំងនគរបាលជាតិ៕/V/R