ដោយៈ សម្បត្តិ / ភ្នំពេញ៖ មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សរុប ៦០ នាក់ ទទួលបានការអប់រំ យល់ដឹងផ្នែកសុខភាព ដើម្បីបង្ការ ទប់ស្កាត់ ដូចជា ជំងឺទឹកនោមផ្អែម ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ ការស្រូបផ្សែងបារី និងបញ្ហាពុល ចំណីអាហារ ក្នុងគោលបំណង ដើម្បីលើកស្ទួយសុខភាព ក្នុងជួរកងកម្លាំងនគរបាល ឱ្យបានរឹងមាំ ក្នុងការបំពេញភារកិច្ច ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម កាន់តែមានប្រសិទ្ធភាពខ្ពស់។

ពិធីបើកសិក្ខាសាលា ស្តីពីអប់សុខភាពនគរបាល បានរៀបចំធ្វើឡើង នៅស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដែលមានការរៀបចំ ដោយអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ធីវ ឈុនស៊ីម អនុប្រធាននាយកដ្ឋានសុខាភិបាល និងលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរងទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ ដែលជាតំណាងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង បានលើកឡើងថា៖ សិក្ខាសាលា ស្តីពីសុខភាពនគរបាល ដែលបានរៀបចំនៅពេលនេះ គឺមានសារៈសំខាន់ សម្រាប់ មន្រ្តីនគរបាលទាំងអស់ ក្នុងការទទួលបាននូវ ចំណេះដឹងកម្រិតបឋម អំពីការប្រឈម នៃប្រភេទជំងឺចំពោះមុខមួយចំនួន ដែលអាចកើតឡើង និងអំពីបង្ការ ការពារផងដែរ។ ពីព្រោះបញ្ហាសុខភាពនេះ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ តែងបានយកចិត្តទុកដាក់ ហើយរំលឹកណែនាំជាប្រចាំ ឱ្យកងកម្លាំងនគរបាល ត្រូវចេះ ថែទាំសុខភាព ឱ្យបានល្អ សុខភាពល្អ ទើបការបំពេញភារកិច្ច ទទួលបានជោគជ័យ។

លោកឧត្តមសេនីយ៍ស្នងការរង ក៏បានណែនាំដល់មន្រ្តីនគរបាល ដែលបានចូលរួម ក្នុងសិក្ខាសាលា ស្តីពីសុខភាពនគរបាល ត្រូវខិតខំយកចិត្តទុកដាក់ស្តាប់ ការបង្ហាញនូវ មេរៀននានា ពីគ្រូបង្គោល ដើម្បីក្រេបយកចំណេះដឹង សម្រាប់យកទៅអនុវត្ត លើកកម្ពស់សុខភាព ឱ្យបានល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ធីវ ឈុនស៊ីម អនុប្រធាននាយកដ្ឋានសុខាភិបាល បានលើកឡើងថា៖ ការបើកនូវសិក្ខាសាលា ស្តីពី សុខភាពនគរបាល គឺជាការយក ចិត្តទុកដាក់ខ្ពស់របស់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លើកកម្ពស់សុខភាព ជួរកងកម្លាំង នគរបាល ក្នុងនាមជាកងកម្លាំងរបស់រដ្ឋ ដែលមានតួនាទីភារកិច្ចស្នូល យ៉ាងធំធេង ការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នៅខណៈដែលកងកម្លាំងនគរ បាល គឺមានភាពមមាញឹកបំពេញបេសកម្មការងាររបស់ខ្លួន ដែលមានការទទួលខុស ត្រូវខ្ពស់ ចំពោះមុខជាចាំបាច់។ សិក្ខាសាលានេះផងដែរ គឺបង្កើនមានការយល់ដឹង អំពីការថែទាំសុខភាព ការការពារទប់ស្កាត់ និងពីបញ្ហាប្រឈម នៃជំងឺផ្សេងៗ។

សូមបញ្ជាក់ថា សិក្ខាសាលានេះ គឺដំណើរការយៈពេល ១ថ្ងៃ ដែលមានគ្រូបង្គោល មកពីនាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ មកធ្វើបទបង្ហាញ៕/V/R