ដោយៈ ឫទ្ធិស័ក្តិ / ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករម្ពុជា ដែលសុំមិនបញ្ចេញឈ្មោះ (អត្តសញ្ញាណ) បានបង្ហើបឲ្យដឹងថាៈ បើទោះបីជាមាន រឿងអាស្រូវពុករលួយ ស្អុយច្រាស់ខ្យល់ យ៉ាងណាក៏ដោយ បន្ទាប់ពីកាន់តំណែង ប្រមាណជា ២ឆ្នាំមកនេះ គឺលោក កាំង លាង ប្រធានសាខាគយខេត្តសៀមរាប នៅតែបន្តកាន់តំណែងដដែល ដោយគ្មានការផ្លាស់ប្តូរ ទៅណានោះទេ។ ការមិនផ្លាស់ ប្តូរ ដោយសារតែមានខ្នងបង្អែក នៅពីក្រោយ ។

ប្រភពមន្រ្តីគយនៅខេត្តសៀមរាប បានឲ្យដឹងថាៈ ដោយសារអាងមានខ្នងបង្អែកក្រាស់ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករម្ពុជា ទើបប្រធានសាខាគយខេត្តសៀមរាប អាចរក្សាតំណែងនេះបាន ទោះបីជាមានរឿងអាស្រូវ ពុករលួយយ៉ាងណាក៏ដោយ។ បច្ចុប្បន្ន លោក កាំង លាង និងមន្ត្រីរបស់ខ្លួនមួយចំនួន នៅប្រមូលលុយ តាមរបៀប ពុករលួយ ដោយគ្មានខ្លាចញញើតអ្វីឡើយ។

ជាមួយគ្នានេះ មន្ត្រីគយនៅខេត្តសៀមរាប បានសំណូមពរឲ្យថ្នាក់លើ គួរពិនិត្យឡើង វិញខ្លះ ចំពោះរឿងអាស្រូវអំពើពុករលួយ របស់លោក កាំង លាង ប្រធានសាខាគយ ខេត្តសៀមរាប និងរួមទាំងបក្ខពួក មួយចំនួន ដែលជាមនុស្សរបស់លោក កាំង លាង គឺកើតមានជាច្រើនឆ្នាំហើយ។ ជាពិសេសធ្វើការបក្ខពួកនិយម ធ្វើឲ្យបែកបាក់សាមគ្គី ផ្ទៃក្នុង និងបានធ្វើឲ្យមន្ត្រីមួយចំនួនធំ មានការមិនពេញចិត្ត ចំពោះការដឹកនាំរបស់លោក កាំង លាង ប្រធានសាខាគយខេត្តសៀមរាប។

ចំណែកមន្ត្រីពាក់ព័ន្ធនៅខេត្តសៀមរាប បានបង្ហើបឲ្យដឹងដែរថាៈ ឈ្មួញដឹកជញ្ជូន ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ ពីច្រកព្រំដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ ចូលខេត្តសៀមរាប ឬឆ្លងកាត់ខេត្តសៀមរាប ជាប្រភពចំណូលដ៏សំខាន់ របស់លោក កាំង លាង។ សូម្បីតែឈ្មួញដែលដឹកជញ្ជូន ទំនិញបង់ពន្ធនាំចូល រួចហើយ ក៏ចៀសមិនផុតពីត្រូវបង់លុយ លើតុក្រោមតុ តាមការកំណត់របស់លោក កាំង លាង នោះដែរ។

ទាក់ទងករណីខាងលើនេះ លោក កាំង លាង ប្រធានសាខាគយខេត្តសៀមរាប មិនអាចសុំការអត្ថាធិប្បាយបានទេ៕/V/R