ភ្នំពេញ៖អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាលោក សួន សេរីរដ្ឋា បានថ្លែងប្រាប់ AMS ថា អ្វីដែលក្រុមប្រឆាំង និងអ្នកវិភាគមួយចំនួនដែលបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានបង្កើនទំនាក់ទំនងជាមួយចិន និងបង្ហាញជំហរនយោបាយលម្អៀងទៅរកចិនជាបន្តបន្ទាប់មកនេះ ដោយសារតែ​ជិតផុតអាណត្តិក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន គឺតាមតែគំនិតនយោបាយបង្អាប់លាបពណ៌របស់​មេដឹកនាំរត់ចោល​ស្រុករបស់ពួកគេ ដែលតែងតែប្រើ សតិចម្កួតនយោបាយមកវាយប្រហាររិះគន់ដោយគ្មានការពិតសំដៅមកលើថ្នាក់​ដឹកនាំ​របស់កម្ពុជា។

លោកបញ្ជាក់ថាវិទ្យុបរទេសលើកឡើងអំពីថា វិភាគ អ្នកតាមដានសង្គមនយោបាយ គឺប្រភពមកតែពីក្រុមតែមួយដែលជា​អតីតតំណាងរាស្ត្ររបស់គេ ដែលជាអ្នកគាំទ្រផ្កាប់មុខទៅលើមេដឹកនាំរត់ចោលស្រុកតែម្តង។ អ្វីដែលពួកគេលើកឡើង​ចង្អុលបង្ហាញនឹងតាមតែគំនិតនយោបាយបង្អាប់លាបពណ៌របស់មេដឹកនាំរត់ចោលស្រុករបស់ពួកគេ ដែលតែងតែប្រើ​សតិចម្កួតនយោបាយមកវាយប្រហាររិះគន់ដោយគ្មានការពិតសំដៅមកលើថ្នាក់ដឹកនាំរបស់កម្ពុជា។ អាជំងឺចម្កួត​នយោបាយ​នឹងវាបញ្ចេញនៅអាការៈទាំង ៩ចំណុច ដែលមេដឹកនាំនយោបាយរបស់ពួកគេកំពុងតែកើតមាន ហើយក្រុម​ផ្កាប់មុខរបស់ពួកគេនៅសល់ ២ ទៅ ៣ ដំបរស្វាយក៏ចាប់ផ្តើមឆ្លងនៅជំងឺចម្កួតនយោបាយដែលមានអាការៈ​ប្រហាក់​ប្រហែលគ្នានឹង វាជិតនឹងស្មើគ្នា ៩ចំណុចទៅហើយ។

លោក សួន សេរីរដ្ឋា(រូបថតឯកសារ)

លោកបន្តថា វាអត់ចម្លែកទេ ពីព្រោះយើងបានឃើញការពិតជាក់ស្តែងហើយ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការ​ដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន គឺប្រកាន់នូវនយោបាយការទូត ទន់ភ្លន់តែរឹងប៉ឹង ច្បាស់លាស់ គឺមិនឲ្យបរទេស ឬមហាអំណាចណាមកបញ្ជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា លូកលាន់នឹងកិច្ចការនយោបាយការបរទេសរបស់កម្ពុជាទេ។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានអះអាងថា វាអត់មានអ្វីដែលបង្ហាញថា កម្ពុជាមាននយោបាយលម្អៀងទៅចិនទេ ហើយរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាសជំហរ គឺទទួលយកជំនួយពីគ្រប់ភាគីទាំងអស់មិនថា មហាអំណាចកុម្មុយនីស្ត មហាអំណាចសេរី ទទួលយកអ្នកវិនិយោគមកពីគ្រប់បណ្តាប្រទេសទាំងអស់ដែលចង់វិនិយោគមករកស៊ីនៅក្នុង​ប្រទេស​កម្ពុជា។ នៅកម្ពុជាមានអ្នកវិនិយោគអាមេរិក ចិន កូរ៉េ ជប៉ុន មានអ្នកវិនិយោគមកពអឺរ៉ុប។

លោកបន្តទៀតថា បើនិយាយអអំពីក្រុមគោលដៅរបស់អ្នកវិនិយោគដែលកំពុងតែរកស៊ីនៅក្នុងប្រទេសកម្ពុជា គឺមាន​ច្រើនមកពីបណ្តាប្រទេសសេរី។ ហើយចោទកម្ពុជាលម្អៀងទៅចិនយ៉ាងម៉េច? បើកម្ពុជាលម្អៀងទៅចិនវាទាល់តែបិទផ្លូវ​វិនិយោគ​សម្រាប់បណ្តាប្រទេសសេរី ទាល់តែបិទផ្លូវទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសេរី ប៉ុន្តែកម្ពុជាបើកចំហរ។

ប្រភពដដែលបានលើកឡើងថា មើលទៅក្រុមអ្នកវិភាគ ក្រុមអ្នករិះគន់ ដែលគេលើកឡើងសំដៅថាអ្នកតាមដាន​សភាពការណ៍​​សង្គម នយោបាយ តើប្រភពក្រុមនេះមកពីណា? ប្រភពរបស់គេមកពីណាគេការពារមេរបស់គេនឹងហើយ។ មេគេនិយាយថា កម្ពុជាលម្អៀងចិន គឺគេនិយាយតាមភាសាមេរបស់គេដែលកំពុងតែរត់ចោលស្រុកនឹងហើយ ។អ៊ីចឹង​វា​អត់មានអ្វីដែលប្លែកទេ។ ប៉ុន្តែការពិតនយោបាយការទូត និងជំហរការទូតរបស់កម្ពុជាបច្ចុប្បន្ន គឺពិភពលោក នឹង​មេដឹកនាំពិភពលោកបានស្គាល់ច្បាស់ ហើយប្រជាពលរដ្ឋក៏កំពុងតែទទួលបានផលពីនយោបាយការទូតទន់ភ្លន់ រឹងប៉ឹង ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជានៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីផងដែរ៕ សរន(ប្រភពAMS)