ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានមាន​ប្រសាសន៍ឆ្លើយតបទៅនឹងក្រុមប្រឆាំងមួយក្តាប់តូចថា ចំពោះការលើកឡើងរបស់មជ្ឈដ្ឋានក្រុមប្រឆាំងមួយចំនួនដែល​មិនផ្តល់តម្លៃទៅដល់សមិទ្ធផលដែលសម្រេចបានដោយសម្តេច តេជោ ហ៊ុន សែន និងសមិទ្ធផលដែលជាតិយើងទទួលបាន​ក្រោមការដឹកនាំរបស់សម្តេច គឺជាការលើកឡើងដោយខ្វះការពិចារណា ដោយខ្វះមូលដ្ឋានខាងផ្នែកសីលធម៌ សច្ចធម៌ ហើយបានបំពាននៅការពិតដោយសារពួកគេលើកឡើងបែបនេះ គឺក្នុងហេតុផលនយោបាយ។ គេមិនអាចទទួលស្គាល់​ការពិតបែបនេះបានទេ ពីព្រោះការគិតបែបនេះ វាធ្វើឱ្យនយោបាយរបស់គេ កាន់តែសាបរលាប កាន់តែបាត់បង់តម្លៃ ពីព្រោះជានិច្ចជាកាលអ្នកដែលមាននិន្នាការប្រឆាំង ឬក៏ក្រុមដែលមកពីអតីតបក្សប្រឆាំង គឺមិនដែលឱ្យតម្លៃចំពោះ​សមិទ្ធផលដែលសម្រេចបានដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទេ។ គេតែងតែរកពាក្យពេជន៍ រកវិធីសាសន៍នានាដើម្បីសម្អុយ ឬក៏បង្ខូចកេរ្តិ៍ឈ្មោះ និងបង្ខូចនូវសមិទ្ធផលរបស់រាជរដ្ឋាភិបាល។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា(រូបថត ហ្វេសប៊ុក លោក គិន ភា)

លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា ការទទួលស្គាល់សម្តេចតេជោ ហ៊ុន សែន ចំពោះពានរង្វាន់សមិទ្ធផលពេញមួយ​ជីវិត​របស់មេដឹកនាំឆ្នើមពិភពលោក វាហាក់ដូចជាពួកគាត់នឹងជេរប្រទេចនឹងនយោបាយខ្លួនឯង។ ទោះជារាជរដ្ឋាភិបាល ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន ធ្វើអ្វីឥតខ្ចោះក៏ដោយ ក៏ពួកនេះនៅតែមានពាក្យពេជន៍លើកឡើងពីការមិន​សប្បាយ​ចិត្ត និងលើកហេតុផលផ្សេងៗ ដែលមានលក្ខណៈបន្តុះបង្អាប់នូវសមិទ្ធផលរបស់សម្តេចដែរ ។ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាបាន​ដឹង និងជាសាក្សីរស់សម្រាប់សមិទ្ធផលជាតិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយពិតជាមានសេចក្តី​អំណរសាទរ​ចំពោះពានរង្វាន់ដែលគេប្រគល់ជូនសម្តេច។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា បានបញ្ជាក់បន្ថែមថា លក្ខណៈសម្បត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក គឺស័ក្តិសម​បំផុតសម្រាប់សម្តេច ដែលមួយជីវិតរបស់សម្តេចបានលះបង់អាយុជីវិត និងក្រុមគ្រួសារ និងធ្វើអ្វីៗគ្រប់បែបយ៉ាង​ដើម្បីជាតិ និងដើម្បីប្រជាជន និងជាអ្នកសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជា សង្គ្រោះប្រជាជាតិកម្ពុជាទាំង​មូល​ចេញពីរណ្តៅមរណៈ និងជាពិសេសខិតខំទប់ស្កាត់ការវិលត្រឡប់មកវិញនៅរបបប្រល័យពូជសាសន៍ ហើយបានខិតខំ​ស្តារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញឲ្យមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ដែលជាកិច្ចខិតខំប្រឹង​ប្រែងដោយគ្មានលក្ខខណ្ឌរបស់សម្តេចសម្រាប់ជាតិ សម្រាប់ប្រជាជន។ ក្រៅតែពីកិច្ចខិតខំប្រឹងប្រែងរក្សាការពារប្រទេសជាតិ អភិវឌ្ឍន៍ប្រទេសជាតិ សម្តេចគឺជាអគ្គមគ្គុទ្ទេសឆ្នើមដែលនាំមក​សុខសន្តិភាពពេញផ្ទៃប្រទេសជូនប្រជាជាតិទាំងមូលក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចធ្វើឲ្យកម្ពុជាទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍ពេញផ្ទៃប្រទេសដែលមិនធ្លាប់មានជាង ៥០០ឆ្នាំនៅក្នុងប្រវត្តិសាស្ត្រ នេះគឺជាចំណុចសំខាន់ណាស់។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ ពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម ត្រូវបានប្រគល់ជូន​ពីកិច្ច​ប្រជុំកំពូលបច្ចេកវិទ្យានិងសេដ្ឋកិច្ចចិនសកល និងវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ ការសម្រេចផ្តល់ពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើ​ឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និង​សមិទ្ធផល​ទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ វិទ្យាស្ថាន បានកត់សម្គាល់ពីភាព​ប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបាន​ធ្វើពលីកម្មដោយមិនចេះ​នឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាពសម្រាប់ជាតិ និងប្រជាជាតិកម្ពុជា៕ សរន(ប្រភពAMS)