ឆ្នាំជូត
រាសីស្រុតចុះ។ទាំងស្ត្រីបុរសការរស់នៅលោកអ្នកក៏តោងតែប្រយ័ត្នប្រយែង ការចាញ់កលល្បិចក្រុមមនុស្សដោយសារការហ្វេសប្រហែសដោយប្រការណាមួយ។ការប្រកបការងារមានការតានតឹង និង ងាយទទួលរងគ្រោះដោយសារក្រុមមនុស្សទម្លាក់បញ្ហាមកឱ្យដោយមិនដឹងខ្លួន។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង ហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទឈានដល់ការប្រកាប់ប្រចាក់គ្នាទៀតផង។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ការរស់នៅកើតមានភាពប្រទាំងប្រទើសទាំងក្រុមគ្រួសារ និងក្រុមមនុស្សនៅក្រៅផ្ទះផងគប្បីប្រយ័ត្នប្រយែង។ការប្រកបការងាររបស់លោកអ្នក នៅថ្ងៃនេះ ធ្វើអ្វីមិនត្រូវឱ្យសំខាន់ពេកឡើយ និង មានការប្រយ័ត្នប្រយែងទើបមិនមានបញ្ហាអាក្រក់ណាមួយចោទឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលាភហេងធំៗច្រើនបោលហួសនិងចាប់ពុំសូវជាប់ទេតែលាភតូចតាចមានហូរចូលហូរហែគ្រាន់បំពេញបំពង់ផងដែរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រទាំងប្រទើសព្រោះតែការចង់ចាញ់ឈ្នះគ្នានិងការប្រកែប្រកាន់ច្រើនរៀងៗខ្លួន៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។យីអ៊ុនរបស់លោកអ្នកឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយពីព្រោះថាផ្លែផ្កាដែលទទួលបានមកវិញក៏គ្រាន់កក់ក្តៅ។បើលោកអ្នកចង់ចាប់ផ្តើមប្រកបការងារអ្វីមួយក៏ជាពេលវេលាល្អពិសេសការ ចាប់ផ្តើមការងារក្រុមហ៊ុនឯកជន ឬសូម្បីតែការងាររាជការអ្វីមួយផង។អ្នកប្រកបរបររកស៊ីជួញដូរ បើលោកអ្នកចង់បោះទុនតូចធំ ឬ ចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខ ហើយបើមានជម្លោះពេលនេះជាកាសល្អក្នុងការផ្សះផ្សារឡើងវិញផង ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ស្ត្រីលោកអ្នកទោះធ្វើអ្វីក៏ដោយមិនអាចយកកំហឹងទល់កំហល់បានទេ ហើយត្រូវចងចាំពាក្យចាស់ថា”ការសន្សំសេចក្តីសុខគឺជាទ្រព្យធន។នៅថ្ងៃនេះលោកអ្នកគប្បីធ្វើការងារសំខាន់ៗមុនហើយធ្វើការងារចាស់ឱ្យបានរួចរាល់ព្រោះថាអាចផ្តល់ផលល្អមកដល់លោកអ្នកយ៉ាងច្រើនមកវិញជាក់ជាពុំខាន។ចំពោះអ្នកប្រកបររបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការថយចុះច្រើន ហើយបើមានបើករបរថ្មីផងតែងមិនសូវដូចបំណងប៉ុន្មានទេ។
សេចក្តីស្នេហាប្រុសស្រីមានការរីកលូតលាស់សន្សឹមៗតែបើថយក្រោយវិញឆាប់រហ័សណាស់ និង ពិសេសងាយបាក់បែកទៀតផង៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទោះពុំសូវល្អប៉ុន្មានក្តី ប៉ុន្តែបើចេះខិតខំព្យាយាមក្នុងកិច្ចការបន្តិចទើបជាការប្រពៃបំផុត។ការប្រកបការងារលោកអ្នកមិនគួរបង្កទំនាស់ជាមួយក្រុមមនុស្សក្បែរខ្លួនទេព្រោះថាផលអាក្រក់នោះក៏មានច្រើនជាងល្អ ដូចនេះបើចេះធ្វើគធ្វើថ្លង់ខ្លះទើបរឿងរាវអាក្រក់មិនងាយកើតមាន។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកមានការខិតខំ ហើយរវាសរវៃក្នុងមុខទំនិញខ្លះក៏អាចរកផលចំណូលចូលធូរគ្រាន់ស្រណុកចិត្តដែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពសុខដុមល្អតែយ៉ាងណាភាពប្រចែប្រច័ណ្ឌនៅតែលុកលុយនៅឡើយទេ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ការរស់នៅថ្ងៃនេះមានភាពសុខដុមគួរសម ហើយបើចង់ពឹងពាក់អ្នកដទៃឃើញថាក៏តែងសម្រេចជោគជ័យភាគច្រើនត្រឡប់មកវិញ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយមានជោគមានជ័យ ហើយតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផង ហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះលោកអ្នកមិនគប្បីតបតជាមួយក្រុមមនុស្សដែលថាស្តីបន្ទោសឡើយដោយរក្សាសេចក្តីសុខវិញទើបប្រសើរ។ក្រៅពីនេះការប្រកបការងារក៏មិនអាចប្រមាថបានដែរបើពុំនោះក៏ងាយទទួលរងការខូចខាតឬបាត់បង់ដូចគ្នា។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។
រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ថ្ងៃនេះការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកមានក្រុមមនុស្សបៀតបៀនយាយីច្រើនដូច្នេះគួរប្រយ័ត្នប្រយែង។ការប្រកបការងារឃើញថា ដំណើរជីវិតរបស់លោកអ្នកស្ថិតលើកំណាត់ផ្លូវរដិបរដុបនិងប្រទាំងប្រទើសច្រើន ហើយទាល់តែចេះប្រយ័ត្នប្រយែងក្រុមមនុស្សបន្តិចទើបគ្មានបញ្ហាអាក្រក់អ្វីយាយីកើត។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកតែងកើតមានអារម្មណ៍តប់ប្រម៉ល់ ឬយកភាពមោហៈទោសៈដាក់ខ្លួន ហេតុនេះឱ្យប្រយ័ត្នកើតជាបញ្ហាតូច ក្លាយជាធំ។ការប្រកបការងារមានភាពប្រទាំងប្រទើសហើយតែងជួបនូវបញ្ហាធ្វើច្រើនខុសច្រើនថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ។
សេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។បើលោកអ្នកចង់ធ្វើអ្វីមួយគឺតែងចម្រើនលូតលាស់ឈានទៅមុខជាលំដាប់ជានិច្ច។ក្នុងថ្ងៃនេះដួងរាសីគាប់ប្រសើរ ដូចនេះបើចេះគ្រប់គ្រងអារម្មណ៍និងចាត់ចែងការងារនោះឃើញថាតែងផ្តល់ផលល្អមកវិញជានិច្ច។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានភាពលូតលាស់គួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់ស្រួលចិត្ត។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំច
រាសីល្អជាមធ្យម។ការធ្វើអ្វីមួយលោកអ្នកមិនត្រូវធ្វេសប្រហែសឱ្យសោះពីព្រោះថាងាយជួបផលអាក្រក់ណាមួយកើតឡើងជាសព្វមួយដង។នៅថ្ងៃនេះបើមានកិច្ចការអ្វីលោកអ្នកគប្បីចាត់ចែងឱ្យឆាប់ចប់ពីព្រោះថាឆ្លងដល់ខែក្រោយផលលំបាកក៏មានច្រើនជាងនេះផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយចាញ់បោកគេណាស់។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំកុរ
រាសីស្រុតចុះ។លោកអ្នកមិនត្រូវចេះដឹងលឺរឿងរាវអ្នកដទៃដាក់ខ្លួនច្រើនពេក នាំរឿងរាវមកអំពលទុក្ខដាក់ខ្លួននោះឡើយ។ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារ លោកអ្នកធ្វើអ្វីតោងតែមានចិត្តត្រជាក់ និង ប្រយ័ត្នប្រយែងទើបពុំមានបញ្ហាមិនល្អណាមួយចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរមានការប្រែប្រួលប្តូរផ្លាស់ឥតឈប់ឈរ ដូចនេះត្រូវប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបអាចចៀសផុតពីជម្លោះណាមួយកើតឡើងជាមួយក្រុមមនុស្សនៅក្បែរខ្លួនឬសូម្បីតែមនុស្សពីចម្ងាយក្តី។
បញ្ហាគូគ្រងប្តីប្រពន្ធ ឬគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំសូវយករឿងចាស់មកនិយាយច្រើនប្រយ័ត្នកើតជម្លោះវិវាទរស់នៅមិនសុខដុម៕