ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អ្នកប្រដាល់ឃីកបុកស៊ីង (Kick-Boxing) វ័យក្មេងរបស់កម្ពុជា ឡៅ ស៊ីណេត ដែលទៅប្រកួតក្នុងព្រឹត្តិការណ៍ ឃីកបុកស៊ីងជើងឯកអាស៊ី ២០២២ (Asian Kick-Boxing Championship 2022) នៅប្រទេសថៃ កាលពីពេលថ្មីៗ ដោយទទួលបានមេដាយប្រាក់ ក្រោយបញ្ចប់ភារកិច្ចនិងបានមកដល់កម្ពុជាវិញ អ្នកប្រដាល់រូបនេះបានបញ្ជាក់ថា រូបគេហាក់នៅមានចំណុចខ្វះខាតច្រើន ដែលត្រូវកែប្រែ ដើម្បីឈានទៅរកការប្រជែងមេដាយមាស សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។

គេទទួលស្គាលថា រូបគេនៅមានចំណុចខ្វះខាតច្រើនណាស់ ហើយនិយាយទៅ ពេលឡើងប្រកួត ហាក់ដូចជាភ័យអរៗ ព្រោះនេះជាការប្រកួតលក្ខណៈអន្តរជាតិ លើកដំបូងរបស់គេ។ តែពេលឡើងវ៉ៃ អត់អីទេ។ យ៉ាងណាខ្ញុំពិតជាមានអារម្មណ៍ សោកស្ដាយណាស់ព្រោះអីខកបំណងមិនបានមេដាយមាស។ ដំបូងថា ទៅវាយកម្មវិធីហ្នឹង ប៉ងថា យកមេដាយមាស។

គេបានបន្តថាៈ ចំណុចខ្វះខាតរបស់គេ នៅមានច្រើនទៀត ដូចជាការវាយយកពិន្ទុ និងការ
ចេញចូល អត់ទាន់ច្បាស់។ នៅពេលឡើងប្រកួតជាលក្ខណៈអន្តរជាតិបែបនេះ ទើបដឹងថាយើងនៅមានចំណុចខ្វះខាតច្រើន។ សម្រាប់ការចេញទៅលើកនេះ រូបគេទទួលបានបទពិសោធន៍ច្រើនណាស់ មានដូចជា បច្ចេកទេសវាយសន្សំពិន្ទុ វិធីបិទគេ មិនឲ្យគូប្រកួត យកពិន្ទុបានពីយើងជាដើម។

ឡៅ ស៊ីណេត មានជំនឿចិត្តថា មុនពេលស៊ីហ្គេមនៅកម្ពុជា មកដល់ រូបគេនឹងអាចបំពេញរាល់ចំណុចខ្វះខាតទាំងអស់ ដែលបានស្វែងរកឃើញ ក្នុងការទៅប្រកួត ក្នុងព្រឹត្តិការណ៍ ឃីកបុកស៊ីងជើងឯកអាស៊ី ២០២២ ដែលបានធ្វើឡើងនៅប្រទេសថៃ កាលពីពេលថ្មីៗនេះ។

សូមបញ្ជាក់ថា ឡៅ ស៊ីណេត ទទួលបានមេដាយប្រាក់ បន្ទាប់ពីចាញ់កីឡាករអ៊ីរ៉ាក់ នៅវគ្គផ្ដាច់ព្រ័ត្រ៕/V-PC