ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៣ ខែធ្នូនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងប្រកួតជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup នៅកីឡដ្ឋាន Gelora Bung Karno។

នេះជាការប្រកួតក្រៅដី បន្ទាប់ពីក្រុមកម្ពុជាទើបតែបើកទ្វារទទួលក្រុមហ្វីលីពីន នៅក្នុងផ្ទះដោយកម្ពុជា រកបាន ៣ពិន្ទុក្នុងលទ្ធផល ៣ទល់២នោះ ។

លោក RyuHirose គ្រូបង្គោលក្រុមជម្រើស ជាតិកម្ពុជា បានលើកឡើងថាៈ ទោះបីជាយើងត្រៀមខ្លួនបានល្អ យ៉ាងណាក៏ដោយ តែយើងមានកាលវិភាគដ៏លំបាកមួយ ព្រោះក្រុមកម្ពុជាមកដល់ឥណ្ឌូណេស៊ី ថ្ងៃទី២១ ធ្នូ ហើយហ្វឹកហាត់ បានតែមួយថ្ងៃ ពេលវេលាប្រកួត បានមកដល់។

សូមបញ្ជាក់ថា ក្នុងពូល A ដែលមាន ថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី កម្ពុជា និង ព្រុយណេ ដែលជាបេក្ខភាព ឡើងមកពីវគ្គជម្រុះបឋម ក្រោយឈ្នះទីម័រខាងកើត។ ចំពោះពូល B មាន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងក្រុមឡាវ៕/V-PC