ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃសុក្រទី២៣ធ្នូថាក្រសួងការបរទេសកូរ៉េខាងជើងបានបដិសេធរបាយការណ៍ដែលថាខ្លួនបានផ្តល់អាវុធដល់រុស្ស៊ី ដោយហៅវាថា “គ្មានមូលដ្ឋាន” និងថ្កោលទោសសហរដ្ឋអាម៉េរិកចំពោះការផ្តល់អាវុធដ៏សាហាវៗដល់អ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍មុននេះថា កូរ៉េខាងជើងបានដឹកជញ្ជូនអាវុធយុទ្ធភណ្ឌ រួមទាំងគ្រាប់កាំភ្លើងធំទៅកាន់រុស្ស៊ីតាមរថភ្លើងកាលពីខែមុន។ សេតវិមានបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើងបានសំរេចការប្រគល់អាវុធដំបូងដល់ក្រុមហ៊ុនយោធាឯកជនមួយរបស់រុស្ស៊ី។
អ្នកនាំពាក្យក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយ KCNA ថា”របាយការណ៍មិនពិតរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនដែលថាកូរ៉េខាងជើងបានផ្តល់អាវុធដល់រុស្ស៊ីគឺជាព័ត៌មានក្លែងក្លាយដែលមិនសមហេតុផលបំផុត ដែលគ្មានតម្លៃក្នុងការធ្វើអត្ថាធិប្បាយឬការបកស្រាយណាមួយឡើយ”។
យោងតាមសេតវិមាន ក្រុមហ៊ុនយោធាឯកជនរុស្ស៊ី Wagner Group បានទទួលគ្រាប់បេនិងមីស៊ីលពីកូរ៉េខាងជើង ដើម្បីជួយពង្រឹងកងកម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ទោះបីជាម្ចាស់ក្រុមហ៊ុន Wagner លោក យេវជេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) បានបដិសេធការអះអាងនេះថាជា “ការនិយាយខ្សឹបខ្សៀវនិងការប៉ាន់ស្មាន” ក៏ដោយ។
ម្ចាស់ក្រុមហ៊ុន Wagner លោក យេវជេនី ព្រីហ្គោហ្ស៊ីន និងប្រធានាធិបតីរុស្ស៊ីលោកពូទីន
អ្នកនាំពាក្យកូរ៉េខាងជើងបាននិយាយថា «កូរ៉េខាងជើងនៅតែមិនផ្លាស់ប្តូរជំហរជាគោលការណ៍របស់ខ្លួនលើបញ្ហា “ប្រតិបត្តិការលក់ដូរអាវុធ” រវាងកូរ៉េខាងជើង និងរុស្ស៊ី ដែលមិនធ្លាប់កើតឡើងទេ» ដោយបន្ថែមថា វាជាអាម៉េរិកដែលនាំអាវុធប្រល័យលោកជាច្រើនប្រភេទទៅអ៊ុយក្រែន។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយក្រសួងការបរទេសកូរ៉េខាងជើងក៏បានថ្កោលទោសចំពោះការប៉ុនប៉ងរបស់សហរដ្ឋអាម៉េរិកក្នុងការចេញសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការបាញ់មីស៊ីលផ្លោងអន្តរទ្វីបចុងក្រោយបង្អស់របស់ខ្លួនផងដែរ។
អ្នកនាំពាក្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “កូរ៉េខាងជើងបានព្រមានរួចហើយនិងច្បាស់លាស់ថាការប៉ុនប៉ងដ៏ល្ងង់ខ្លៅរបស់សហរដ្ឋអាម៉េរិកអាចបណ្តាលឱ្យមានផលវិបាកដែលមិនគួរឱ្យចង់បាន” ដោយហៅទង្វើរបស់សហរដ្ឋអាម៉េរិកថាជា “ទង្វើដ៏គ្រោះថ្នាក់បំផុត” ដែលកូរ៉េខាងជើងត្រូវតែប្រឆាំងជាមួយនឹងសកម្មភាព”។
កូរ៉េខាងជើងបានសាកល្បងកាំជ្រួចជាច្រើនមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបដែលរចនាឡើងដើម្បីទៅបាញ់ដល់ដីគោករបស់សហរដ្ឋអាម៉េរិកដើម្បីផ្គើននឹងទណ្ឌកម្មអន្តរជាតិ៕
លោកគីមជុងអ៊ុននិងលោកពូទីនជួបគ្នានាពេលកន្លងទៅ