ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ៖ការប្រកាសលទ្ធផល ប្រឡងជាប់បាក់ឌុបនៅខេត្តបន្ទាយមានជ័យនឹងប្រព្រឹត្តិម៉ោង៧ព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០២២ នៅតាមមណ្ឌលសំណេរ ទាំង ប្រាំពីរ នាក្រុងសិរីសោភ័ណ។លោក អភិបាលខេត្តនិងប្រធានមន្ទីរអប់រំខេត្ត នឹងអញ្ជើញប្រកាសនៅមណ្ឌល សាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ច សាខាខេត្តប ន្ទាយមានជ័យ(UME)។

នេះបើតាមលោកឈូ ប៊ុនរឿង មន្ទីរអប់រំយុវជននិងកីឡា ខេត្ត បន្ទាយមានជ័យបានឱ្យកាសែតរស្មីកម្ពុជាដឹងនាល្ងាចថ្ងៃទី២២ខែធ្នូ។មកទល់យប់ថ្ងៃទី២២ខែធ្នូនេះ កញ្ចប់លទ្ធផលប្រឡង បាក់ឌុបនោះ ទើបតែដឹកជញ្ជូនទៅដល់ខេត្ត ហើយមិនទាន់ បើក ស្រោមនៅឡើយ។

យោងតាមក្រសួងអប់រំ យុវជន និងកីឡា ថា : ការប្រកាស លទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តដទៃទៀត។

ចំពោះលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០.៩៥០ នាក់ ត្រូវជា ៧២,៣៣ ភាគរយ នៃចំនួនបេក្ខជន មកប្រឡង។
បេក្ខជនជាប់និទ្ទេស A ចំនួន ១.០៤៩ នាក់, និទ្ទេស B ចំនួន ៧.២៣២ នាក់, និទ្ទេស C ចំនួន ១៩.០៥៣ នាក់, និទ្ទេស D ចំនួន ៣១.១៦៦ នាក់, និងនិទ្ទេស E ចំនួន ៣២.៤៥០ នាក់។

ចំណែកនៅខេត្តបន្ទាយមានជ័យ ដំណើរការមណ្ឌលសំណេរ ឬការប្រឡងរបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី០៥ខែធ្នូឆ្នាំ២០២២ កន្លងមកមាន ចំនួនប្រាំពីរមណ្ឌល ដែលស្ថិតនៅកណ្តាល ក្រុងសិរីសោភ័ណ។

ក្នុងនោះមានបេក្ខជនក្នុងបញ្ជីចូលប្រឡងមានចំនួន ៥.៨០២នាក់ (ស្រី៣.១៧៦នាក់) ។បេក្ខជនអវត្តមានចំនួន១២៦នាក់(ស្រី៣១៥៨នាក់)។

ក្នុងនោះ.១.បេក្ខជនចំណេះទូទៅមានចំនួន៤.៧៥៥នាក់ (ស្រីចំនួន២.៧០៩នាក់) ។២.បេក្ខជនស្វៃរិន ចំណេះទូទៅមានចំនួន៧៥៧នាក់(ស្រី៣៩៣នាក់) និង៣.បេក្ខជនបំពេញវិជ្ជាមានចំនួន២៩០នាក់(ស្រីមានចំនួន៧០នាក់)។

ឯមណ្ឌលប្រឡង(មណ្ឌលសំណេរ) ចែកចេញជាមណ្ឌលវិទ្យាសាស្ត្រ(ពិត) ៣មណ្ឌលមាន :១-មណ្ឌលវិទ្យាល័យសម្តេចឪ មាន៣២បន្ទប់ បេក្ខជនចំនួន៨០០នាក់។ ២-មណ្ឌលសាលាបឋមសិក្សាហ៊ុន សែន សូភី មាន៣០បន្ទប់ មានបេក្ខជន ៧៥០នាក់

និង៣-មណ្ឌលវិទ្យាល័យហ៊ុន សែនខ្លាកូន មាន២៥បន្ទប់ មានបេក្ខជន៦១៨នាក់។
មណ្ឌលវិទ្យាសាស្ត្រសង្គម (ថ្នាក់សង្គម បំពេញវិជ្ជានិងស្វ័យរិន ) មាន៤ មណ្ឌល :១-មណ្ឌលវិទ្យាល័យសិរីសោភ័ណ មាន៤១បន្ទប់ បេក្ខជន១.០២៥នាក់ ។២-មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច សាខាខេត្តបន្ទាយមានជ័យ(UME) មាន៤១បន្ទប់ បេក្ខជន១.០២៥នាក់។៣-មណ្ឌលវិទ្យាល័យសកពនរ អូរអំបិល មាន៤១បន្ទប់ បេក្ខជន១.០២៥នាក់ ។និង៤-មណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ(NMU) មាន២៣បន្ទប់ បេក្ខជន៥៥៩នាក់។

សូមរំលឹកថា លទ្ធផលប្រឡងបាកឌុបសម័យប្រឡងថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១កន្លងមក ខេត្តបន្ទាយមានជ័យឆ្នាំ២០២១ ជាប់៦៣% ក្នុងនោះបាននិទ្ទេសA ចំនួន៩៩នាក់/ ស្រី៧០នាក់។
ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនោះ មាន៧មណ្ឌល៕សរន-PC