​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

1026
ចែករម្លែក

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: នៅក្នុង​សប្តាហ៍​ទីមួយ​នៅ​ខែកក្កដា​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន​បានកើត​ឡើង ក្នុងនោះ​មាន​សកម្មភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​គណបក្សនយោបាយ ជាដើម​។​

.​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨ ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន សែន​សុខ ឬ ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ដែលជា​ស្ពាន​អាកាស​ទី​៥ នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ក្នុង​ពិធី​នេះ សម្តេច​តេ​ជោ​ក៏បាន​ប្រកាស​ចាត់វិធានកា​រ ចាប់​អ្នកដើរ​បំផុស​ដំណឹង​មិន​ពិត ប្រាប់​ប្រជាពលរដ្ឋ​ថា ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ នៅ​ថ្ងៃ​បោះឆ្នោត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់ ក្នុង​រយៈពេល ២៤ ម៉ោង​។​

.​រសៀល​ថ្ងៃ​ចន្ទ ទី​២ ខែកក្កដា រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បានធ្វើ​សន្និសីទកាសែត ប្រកាស​ពី​ការរៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការប្រឡង​បាក់​ឌុប ដែល​នឹង​ធ្វើឡើង​រយៈពេល ២ ថ្ងៃ នៅ​ថ្ងៃទី​២០ និង​ថ្ងៃទី​២១ ខែសីហា ។ លោក​រដ្ឋមន្ត្រី បានប្រកាសថា ទោះបី​នៅ​ឆ្នាំ​២០១៨ នេះ ជា​ឆ្នាំ​បោះឆ្នោត​ក៏ដោយ ក៏​គ្មានទេ ការបន្ធូរបន្ថយ​ទាំង​វិន័យ និង​ទាំង​វិញ្ញាសា នៃ​ការប្រឡង​បាក់​ឌុប នៅ​ឆ្នាំនេះ​។ ឆ្នាំ​២០១៨ នេះ គឺជា​ឆ្នាំ​ទី​៤ ហើយ ដែល​ក្រសួង​អប់រំ រឹតបន្តឹង​នូវ​ការប្រឡង​បាក់​ឌុប ហើយ​ត្រូវបាន​ទទួលស្គាល់ថា គឺ​ដំណើរ​ដោយ​ជោគជ័យ តាម​ទិស​ស្លោ​កថា “​ចេះ​គឺជា​ប់​”​។​

.​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ប្រមាណ​ជិត​បី​ម៉ឺន​នាក់ នៅ​ភូមិ​ព្រៃ​រកា ឃុំ​ឆក​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ ខេត្តកណ្ដាល ជា​តំបន់​ប្រមូលផ្ដុំ​រោងចក្រ​ប្រហាក់ប្រហែល​រាជធានី​ភ្នំពេញ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ប្រមាណ ៣៦៣ លាន​ដុល្លារ​អាមេរិក​ឯណោះ​។​
.​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ផ្លូវ​រថភ្លើង ខេត្តពោធិ៍សាត់​-​រាជធានី​ភ្នំពេញ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​។ នេះ​ជា​ផ្លូវដែក​ដំណាក់កាល​ចុងក្រោយ ដែល​បាន​បើក​ឲ្យ​ដំណើរការ ដើម្បី​ត​ភ្ជាប់​ការដឹកជញ្ជូន​តាមផ្លូវ​រថភ្លើង ពី​ភ្នំពេញ ទៅដល់​ក្រុង​ប៉ោយប៉ែត ជាប់​ព្រំដែន​ថៃ ដែលមាន​ប្រវែង​សរុប ៣៨៦ គីឡូម៉ែត្រ​។ នាពេល​ឆាប់ៗ​ខាងមុខ កម្ពុជា និង​ថៃ នឹង​ត​ភ្ជាប់​ការដឹកជញ្ជូន​តាមផ្លូវ​រថភ្លើង ផងដែរ​។​

.​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ ប្រមាណ​ជិត​បី​ម៉ឺន​នាក់ នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ ការជួបជុំ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​កម្មករ​កាត់ដេរ​នេះ ជា​លើក​ទី​២ ក្នុង​ទីតាំង​ដដែល បន្ទាប់ពី​សម្តេច​បាន​ជួប​ជាមួយ​កម្មករ​កាត់ដេរ​ជិត ៣​ម៉ឺន​នាក់ កាលពី​ថ្ងៃទី​០៤ ខែកក្កដា​។ នៅ​ចំពោះមុខ​កម្មករ​កម្មការិនី មកពី ២៥​រោងចក្រ នៅក្នុង​ខេត្តកណ្តាល សម្តេច​តេ​ជោ បានលើកឡើង​ពី​អនុសាសន៍​ណែនាំ ដើម្បី​ចូលរួម​ជំរុញ​ការអនុវត្តន៍​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម រយៈពេល ១០​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០២៥ ជាពិសេស​សម្តេច​លើកឡើង​ពី​គោលនយោបាយ​ក្នុងការ​ពង្រាយ​រោងចក្រ​ទៅតាម​មូលដ្ឋាន​។
​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កាត់ដេរ នៅ​ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា សម្តេចនាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​មន្ដ្រីរាជកា​រទាំង​អស់ ពិសេស​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា មិនត្រូវ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ រួមមាន រថយន្ត និង​ប្រេងសាំង ជាដើម ទៅធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នោះឡើយ​។ ដំណើរការ​ឃោសនាបោះឆ្នោត ចាប់ផ្តើម​នៅ​ថ្ងៃទី​០៧ ខែកក្កដា​នេះ រហូតដល់​ថ្ងៃទី​២៧ ខែកក្កដា​។​

.​ថ្ងៃទី​៧ ខែកក្កដា ជា​ថ្ងៃ​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដែលមាន​រយៈពេល ២១ ថ្ងៃ រហូត​ដើ់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ នៅ​ថ្ងៃ​ចាប់ផ្តើម​យុទ្ធនាការ​ឃោ​នា​បោះឆ្នោត កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៧ ខែកក្កដា គណបក្សនយោបាយ ដែល​បាន​ចូលរួម​ការប្រកួតប្រជែង​បោះឆ្នោត ទាំង ២០ គណបក្ស ចាប់​ប្រមូលផ្តុំ និង​ហែ​ក្បួន​ឃោសនា នៅ​រាជធានី​ខេត្ត​ទូទាំងប្រទេស​។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួបជុំ​ទ្រង់ទ្រាយ​ធំ នៅ​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ប្រារព្ធ​ពិធី​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត ជាមួយនឹង​ពិធី​រម្លឹក​ខួប ៦៧​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​។ ពិធី​នេះ បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម