ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ រាជធានីភ្នំពេញ នឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។
ដើម្បីរួមចំណែក ធ្វើឲ្យកាន់តែប្រសើរឡើង ត្រៀមទទួលការរៀបចំការប្រកួតកីឡាស៊ីហ្គេម នេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ណែនាំឱ្យផ្នែកជំនាញ ប្រឹងប្រែងពេញទំហឹង ក្នុងការរៀបចំកែលំអសោភ័ណភាព ក្នុងរាជធានីភ្នំពេញ ពិសេសការជួសជុល ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មានផ្លូវ, ដាក់ប្រព័ន្ធលូ, កែលំអសួនច្បារ និងការងារជាច្រើនទៀត ដែលបំរើឲ្យការងារត្រៀមប្រកួតកីឡាស៊ីហ្គេមនេះ ជាពិសេសនៅតំបន់ជុំវិញ ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅចន្លោះផ្លូវជាតិលេខ៥ និងលេខ៦ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលជាទីតាំងត្រូវ រៀបចំពីធី។
មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹក ថ្ងៃទី២៣ធ្នូ នេះថាៈ ការងារជួសជុល កែលំអរនេះ ត្រូវបានផ្តោតសំខាន់ នៅតាមមហាវិថីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ ត្រើយខាងកើត ដល់ផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ព្រែកតាសេក និងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ដោយបានប្រើប្រាស់ក្រុមកម្មករ កម្មការនី ជិតមួយពាន់នាក់ ដើម្បីធ្វើយ៉ាង ណា ឲ្យរួចរាល់ក្នុងខែមីនា ឆ្នាំ២០២៣ ខាងមុខ។
ការងារទាំងនេះ រួមមាន ដាក់ប្រពន្ធ័លូទាំងសងខាងផ្លូវ មានទាំងលូជ្រុង លូមូលមុខកាត់ ពី១ម៉ែត្រ ទៅ២ម៉ែត្រ មានប្រវែង ៧.៣៤០ ម៉ែត្រ ទទឹង ៩ ម៉ែត្រ។ ក្រៅពីនេះ នៅមានការងារ ជួសជុលគ្រឹះផ្លូវ និងចាក់បេតុងឆ្អឹងដែក កម្រាស់ ២៥ សង់ទីុម៉ែត្រ តាមទីតាំងដែលខូចគ្រឹះ មានផ្ទៃក្រឡាសរុប ៥៨.៥០០ ម៉ែត្រការ៉េ, ការងារអ៊ុតកៅស៊ូ AC កំរាស់ ១០០ មីលីម៉ែត្ឬ, ការងារគូសគំនូសសញ្ញាចរាចរណ៍ និងតំឡើងស្លាកសញ្ញាចរាចរណ៍, ការងាររៀបខឿន និងចិញ្ចើមផ្លូវថ្មើរជើង ដោយក្រាលការ៉ូឡា, ការរៀបចំសួនច្បារ កណ្តាលទ្រូងផ្លូវ មានទទឹង ៦ម៉ែត្រ រួមទាំងការដាំស្មៅ ដាំដើមឈើ រៀបប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ទៅតាមគោលដៅនៃ គម្រោង ឲ្យបានរួចរាល់ត្រឹមខែមីនា មុនការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ចាប់ផ្តើម។
ការជួសជុលកែលំអហេដ្ឋារចនាសម្ព័ន្ធនេះ ធ្វើឡើងដោយម៉ត់ចត់ តាមបទដ្ឋានបច្ចេកទេស រួមចំណែកលើកកំពស់ សោភ័ណភាព បរិស្ថាន រាជធានីភ្នំពេញ ឲ្យកាន់តែស្រស់បំព្រង ស័ក្តិ៍សមជាទីក្រុងស៊ីវិល័យ៕ V / N