ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅទីលានកីឡាប៊ូល និងប៉េតង់ នៃពហុកីឡដ្ឋានជាតិ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយស សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានអញ្ជើញចូលរួមពិធីបើក ការបកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់គរុគុណ ឆ្នាំ២០២ លើកទី២ និងខួបអនុស្សាវរីយ៍៣០ ឆ្នាំ នៃការបង្កើត សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២- ២០២២។

លោកសុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បាននិយាយ ថាៈ ការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់គរុគុណ ឆ្នាំ២០២២ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី មកពីសមាគម-ក្លិបកីឡាប៉េតង់ ចំនួន ៦២ ដែលមានអត្តពលិក សរុប ៤៥៩ នាក់ ដោយប្រកួតលើ ៨ វិញ្ញាសា រួមមាន បុរសអាយុ១៨ឆ្នាំឡើង ៣នាក់ ទល់ ៣នាក់ នារីអាយុ១៨ឆ្នាំឡើង ៣នាក់ ទល់ ៣នាក់ បុរសវ័យចាស់អាយុ ៥៥ ឆ្នាំឡើង ៣នាក់ ទល់ ៣នាក់ បុរសអាយុ១៨ឆ្នាំឡើង ២នាក់ ទល់ ២នាក់ នារីអាយុ១៨ឆ្នាំឡើង ២នាក់ ទល់ ២នាក់ យុវជនអាយុក្រោម១៨ឆ្នាំ ១នាក់ ទល់ ១នាក់ យុវនារីអាយុក្រោម១៨ឆ្នាំ ១នាក់ ទល់ ១នាក់ និងពានសមាគម។

លោក សុខ សូកាន បានមានប្រសាសន៍ថាៈ ការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់គរុគុណ លើកទី២ និងខួបអនុស្សាវរីយ៍ ៣០ ឆ្នាំ នៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២-២០២២ និងក្នុងគោលបំណងរម្លឹក ពីគុណូបការៈដ៏ឧត្តុងឧត្ដមរបស់ សម្តេចក្រឡា ហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត ដែលបាន លះបង់នូវ កម្លាំងកាយកម្លាំងចិត្ត ពេលវេលា ព្រមទាំងធនធាន ក្នុងការផ្តួចផ្តើម និងបង្កើត សហព័ន្ធ ចាប់តាំងពីឆ្នាំ១៩៩២ នាពេលនោះមាន សម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និងសម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស។ សម្តេចទាំង២ និងអតីតថ្នាក់ដឹកនាំ ដទៃទៀត បានត្រួសត្រាយផ្លូវ សម្រាប់សហព័ន្ធ បន្តលូតលាស់មកដល់បច្ចុប្បន្ន និងទទួល បានការគាំទ្រ ការកោតសរសើរ ពីសាធារណជន ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ ពិភពលោក។

លោកប្រធាន បានបន្តថាៈ សមិទ្ធផលរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា រយៈពេល ៣០ ឆ្នាំ កន្លងមកនេះ សហព័ន្ធ បានទទួលមេដាយកម្រិតអន្តរជាតិ សរុប ៣៩៤ គ្រឿង មាស ១១៦ ប្រាក់ ១៣៨ និងសំរឹទ្ធិ ១៤០ គ្រឿង ។ លើសពីនេះ សហព័ន្ធ បានពង្រឹងនិងពង្រីក ការបណ្ដុះបណ្តាលធនធានមនុស្ស ទាំងថ្នាលយុវជន យុវនារី និងឈុតធំបុរស នារី គ្រូបង្វឹក អាជ្ញាកណ្ដាល និងមន្ត្រីរបស់សហព័ន្ធទាំងកម្រិតជាតិ និងអន្តរជាតិ៕/V/R