ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការចុះឈ្មោះចូលរួមប្រកួត កីឡាទោចក្រយាន ជ្រើសរើស ជើងឯកថ្នាក់ជាតិ ពីថ្ងៃទី ២៦-២៧ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប បានបិទបញ្ចប់ហើយ ដោយទទួលបានកីឡាករ កីឡាការិនី សរុបចំនួន ២៨៥ នាក់។

ការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិនេះ ក្រៅពីទទួលបានថវិកាគាំទ្រប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធ ក៏បានទទួលការឧបត្ថម្ភ នូវថវិកាចំនួន ៤២.៧៥០ ដុល្លារ ពីក្រុមហ៊ុន Herbalife សម្រាប់ដំណើរការរៀបចំព្រឹត្តិការណ៍ឆ្នាំនេះ ជាមួយនឹងការបង្កើនប្រាក់រង្វាន់ ដល់ជ័យលាភី ដើម្បីបង្កើនគុណភាព របស់អត្តពលិកកង់ និងមន្ត្រីបច្ចេកទេស ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាទោចក្រយាន លោក នូ ចំរើន បានបញ្ជាក់ថាៈ ក្នុងចំ
ណោមកីឡាករ កីឡាការិនី ដែលចូលរួមប្រកួតសរុបនេះ គឺប្រភេទកង់គួក មានចំនួន ៨០ នាក់ និងប្រភេទកង់ភ្នំ មានចំនួន ២០៥ នាក់។

សម្រាប់កម្មវិធីប្រកួត គឺនៅថ្ងៃទី២៦ ខែធ្នូ ជាថ្ងៃចេញដំណើរពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀម រាប ប្រជុំគណៈកម្មការបច្ចេកទេស រៀបចំការប្រកួត និងចែកស្លាកលេខ កីឡាករ កីឡាការិនី ពិនិត្យបច្ចេកទេសកង់ និងឲ្យកីឡាករ កីឡាការិនីកម្តៅសាច់ដុំ និងពិនិត្យលើផ្លូវប្រណាំង។

ព្រឹកព្រលឹមថ្ងៃទី២៧ ខែធ្នូ ចាប់ផ្តើមការប្រកួតកង់គួក ៣ វិញ្ញាសា ដែលចេញដំណើរ និងដល់ទី នៅមុខប្រាសាទអង្គរវត្ត។ វេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ដដែល ចាប់ផ្តើមការប្រកួត កង់ភ្នំ នៅជើងភ្នំហ៊ប់ ឧទ្យានជាតិភ្នំគូលែន ខេត្តសៀមរាប លើ ៤ វិញ្ញាសា។

សម្រាប់វិញ្ញាសាទាំង ៧ ដែលដាក់ឲ្យប្រកួតនេះ រួមមាន ១. កង់គួកបុរសថ្នាល (Man Junior Road Bike) អាយុ១៨ឆ្នាំចុះក្រោម។ ២. កង់គួកបុរសឈុតធំ (Man Elite Road Bike) ចាប់ពី អាយុ១៨ឆ្នាំឡើងទៅ។ ៣. កង់គួកបុរស (Man Master Road Bike) ចាប់ពីអាយុ៤០ឆ្នាំឡើង ទៅ ដោយ ៣ វិញ្ញាសានេះ ត្រូវប្រកួតលើចម្ងាយផ្លូវ ១៦០ គីឡូម៉ែត្រ ដូចៗគ្នា។ ៤. កង់ភ្នំបុរសថ្នាល (Man Junior MTB) អាយុ១៨ឆ្នាំ ចុះក្រោម។ ៥. កង់ភ្នំបុរសឈុតធំ (Man Elite MTB) ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។ ៦. កង់ភ្នំនារី (Woman MTB) ចាប់ពីអាយុ ១៥ឆ្នាំឡើងទៅ និង ៧. កង់ភ្នំបុរស (Man Master MTB) ចាប់ពីអាយុ៤០ឆ្នាំឡើងទៅ ដោយ ៤ វិញ្ញាសានេះ ប្រកួតលើរយៈចម្ងាយផ្លូវ សរុប ២៤ គីឡូម៉ែត្រ ដូចៗគ្នា។

លោក នូ ចំរើន បានបញ្ជាក់បន្ថែមថាៈ ការរៀបចំការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ ជាតិ ប្រចាំឆ្នាំ២០២២ ទាំងវិញ្ញាសាកង់គួក និងកង់ភ្នំ គឺជាការផលិតធនធានកម្រិតខ្ពស់ ថ្នាក់ជាតិ សម្រាប់គោលដៅថ្ងៃអនាគត។

ការប្រកួតនេះ ក៏ជាការវាស់ស្ទង់គុណភាពបច្ចេកទេស ចុងក្រោយបង្អស់ របស់ក្រុមជម្រើស ជាតិ (កីឡាករ ៨ នាក់ កីឡាការិនី ៤ នាក់) មុនពេលឈានដល់ការទទួលធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា៕ V / N