ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នាថ្ងៃទី២៣ ធ្នូនេះ បានបើកវគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាលចៅក្រម ចំនួន ១៧ រូប ដើម្បីឲ្យក្លាយជា អាជ្ញាកណ្ដាលកម្រិតផ្កាយ១ (IBA 1-Star R&J Certification Course 2022) ។

វគ្គនេះ បណ្ដុះបណ្ដាល ដោយគ្រូកម្រិតផ្កាយ៣ ជនជាតិអង់គ្លេស គឺលោក John Henry Waith ដែលមកពីសហព័ន្ធកីឡាប្រដាល់សកលអន្តរជាតិ ។ អាជ្ញាកណ្ដាល ចៅក្រមទាំង ១៧ រូប ដែលចូលរួមនេះគឺ សហព័ន្ធជ្រើសរើសយ៉ាងពិសេស ព្រោះពួកគេ នឹងក្លាយជាអាជ្ញាកណ្ដាល
ចៅក្រម សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ ។

សម្រាប់អាជ្ញាកណ្ដាល ចៅក្រម ដែលអាចចូលរួមកាត់ក្ដី នៅស៊ីហ្គេមបាន ត្រូវតែមាន
កម្រិតផ្កាយ២ ។ ពេលនេះ សហព័ន្ធ ចាប់ផ្ដើមបណ្ដុះបណ្ដាលកម្រិតផ្កាយ ១ ហើយឆ្នាំក្រោយ
មុនស៊ីហ្គេមមកដល់ សហព័ន្ធ នឹងរកលទ្ធភាពបណ្ដុះបណ្ដាលបន្ដ ឲ្យដល់កម្រិតផ្កាយ២ ។

វគ្គនេះ នឹងមានការប្រឡង ដោយសរសេរ និងការអនុវត្តន៍ជាក់ស្ដែង ។ ការអនុវត្តន៍ជាក់
ស្ដែង គឺធ្វើនៅក្នុងឱការប្រកួតជើងឯកជាតិប្រចាំឆ្នាំ ដែលនឹងធ្វើនៅប៉ុន្មានថ្ងៃ ខាងមុខនេះ។ អ្នកដែលប្រឡងជាប់ ទើបបានទទួលសញ្ញាប័ត្រ បើប្រឡងមិនជាប់ ក៏មិនបានទទួល អ្វីទាំងអស់។

ចំពោះការប្រកួតកំដៅសាច់ដុំ ត្រៀមស៊ីហ្គេម (Pre-SEA Games) លោក ប៊ុយ សុភ័ណ្ឌ ដែល
ជាអគ្គលេខាធិការសហព័ន្ធ ថាមិនទាន់ហ៊ានកំណត់ទេ ព្រោះអ្វីៗទាល់តែមានការឯកភាព ពីគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) ជាមុនសិន ៕ V / N